(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី និងសមិទ្ធផលនានា មានតម្លៃជាង៧ម៉ឺនដុល្លារ នៅក្នុងគណបក្សឃុំថ្មី ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំថ្មី ដែលអាចកើតឡើងបានដោយសារប្រទេសជាតិ មានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋានត្រូវ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកបសីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឱ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមរក្សាសុខសន្តិភាពគ្រប់មធ្យោបាយឱ្យបានស្ថិតស្ថេរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាមន្ត្រីឈានមុខមន្ត្រីល្អ បន្តវេន គុណធម៌ និងចរិយាធម៌មិនត្រូវបំពានផលប្រយោជន៌អ្នកដទៃ ដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណចំពោះលោក កឹង ឃន, លោក ឃន តារាសម្បត្តិ, លោក ស្រេង ហួត រួមជាមួយលោក លោកស្រី និងក្រុមការងារ បានរួមគ្នាកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី មានទំហំ១០ម៉ែត្រ គុណ១២ម៉ែត្រ និងសមិទ្ធផលនានា រួមមានសាងសង់ខ្លោងទ្វារ របង ចាក់ដី ចាក់សាបបេតុងនៅក្នុងទីធ្លាបរិវេណស្នាក់ការគណបក្ស តសំយ៉ាបរោងសម្រាប់ប្រជុំបណ្តោយប្រវែង ១៥.៦០ម៉ែត្រ ទទឹងប្រវែង ១៥.២០ម៉ែត្រ ធ្វើបន្ទប់អនាម័យ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៧ម៉ឺនដុល្លារ៕