(ភ្នំពេញ)៖ បន្ទាប់ពីបានចេញនូវស្នាដៃចំនួន៣ពាក់ព័ន្ធនឹងវិស័យការទូត និងវិទ្យាសាស្ត្រនយោបាយរួចមក នៅឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យបណ្ឌិត តាំង សុខងី ទើបនឹងបោះពុម្ភស្នាដៃទី៤ របស់លោកថ្មីមួយទៀត នោះគឺ «សៀវភៅរដ្ឋបាលការទូត» (Diplomatic Administration)។
«សៀវភៅរដ្ឋបាលការទូត» ជាភាសាអង់គ្លេស ត្រូវបានបោះពុម្ភ នាឆ្នាំ២០២៥នេះ ចំណែកការបកប្រែជាភាសាខ្មែរ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាម លោកសាស្ត្រាចារ្យបណ្ឌិត តាំង សុខងី, សៀវភៅរដ្ឋបាលការទូត (Diplomatic Administration) ត្រូវបានរៀបចំចងក្រងឡើង ដើម្បីពង្រឹង និងរួមចំណែកផ្តល់ចំណេះដឹងធនធានមនុស្សដល់អ្នកសិក្សា ជាពិសេស ក្នុងវិស័យការទូតនាសម័យកាលបច្ចេកវិទ្យាដ៏ជឿនលឿន និងពោរពេញទៅដោយភាពស្មុគស្មាញ។
លោកបានបញ្ជាក់បន្ថែមថា ការចងក្រងរចនាសៀវភៅរដ្ឋបាលការទូត (Public Administration) ភាសាអង់គ្លេសនេះឡើង គឺដើម្បីបង្កលក្ខណ:ងាយស្រួល ទាំងនៅក្នុងការសិក្សា ទាំងការប្រើប្រាស់ភាសាអន្តរជាតិនៅក្នុងវិស័យនេះ ឱ្យបានត្រឹមត្រូវ ស្របតាមអត្ថន័យ ផ្សាភ្ជាប់នឹងការអនុវត្តមុខងារ និងតួនាទីរបស់អ្នកការទូតទូទៅ។
សៀវភៅរដ្ឋបាលការទូត បានបែងចែកជា៣ផ្នែកធំៗ រួមមាន១៥ជំពូក ដែលជំពូកនីមួយៗ សង្កត់ធ្ងន់ពីសារៈសំខាន់នៃប្រតិបត្តិការក្នុងការបំពេញបេសកកម្មការទូត និងកុងស៊ុលរបស់មន្រ្តីការទូត ប្រកបទៅដោយប្រសិទ្ធភាព ព្រមទាំងផ្តល់នូវការវិភាគលើមុខងារនានា ដែលចាំបាច់នៅក្នុងប្រតិបត្តិការរដ្ឋបាល នៅតាមស្ថានទូត និងប៉ុស្តិ៍កុងស៊ុល នូវពុទ្ធិទៅលើដំណើរការរដ្ឋបាល បញ្ហាប្រឈម និងការច្នៃប្រតិដ្ឋដែលបង្កើតបាននូវការគ្រប់គ្រងរដ្ឋបាលមុខងារទូតបែបសម័យកាលទំនើប។
បន្ថែមពីលើនេះ រដ្ឋបាលការទូត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ តំណាងឱ្យផលប្រយោជន៍មាតុប្រទេស និងពលរដ្ឋនៃរដ្ឋបញ្ជូនដែលកំពុងរស់នៅឯបរទេស។ ក្រៅពីមុខងារនយោបាយ និងកុងស៊ុល រដ្ឋបាលការទូតបង្កើតបានជាក្របខណ្ឌរដ្ឋបាលមួយដ៏រឹងមាំ ធានាបាននូវភាពឥតខ្ចោះនៃបេសកកម្មការទូតសម្រាប់ទ្រទ្រង់នូវប្រសិទ្ធភាពនៃកិច្ចការការទូត ប្រកបដោយទំនួលខុសត្រូវ រាប់ចាប់ពីការគ្រប់គ្រងបុគ្គលិក ផែនការ ហិរញ្ញវត្ថុ ការថែរក្សាទ្រព្យសម្បត្តិ និងឆ្លើយតបនឹងវិបតិ្តនានា។
រដ្ឋបាលការទូត ក៏បានចូលខ្លួនមកបង្ហាញពីសារៈសំខាន់ នៃការសម្របខ្លួនក្នុងការទទួលយកនិន្នាការសង្គម ព្រមទាំងនាំមកនូវនវានុវត្តន៍ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រងរដ្ឋបាលនៃបេសកកម្មការទូត ជូនដល់អ្នកទាំងឡាយដែលកំពុងមានសេចក្តីប្រាថ្នា។
លោកសាស្ត្រាចារ្យបណ្ឌិត តាំង សុខងី ដែលកំពុងបង្រៀននៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ធ្លាប់បានសរសេរចងក្រងសៀវភៅការទូត និងវិទ្យាសាស្ត្រនយោបាយចំនួន៣ក្បាលរួចទៅហើយ ក្នុងនោះមាន «សៀវភៅចិនតែមួយ», «សៀវភៅអគ្គកុងស៊ុល», សៀវភៅឯកអគ្គរាជទូត» ផងដែរ។ នៅពេលខាងមុខ លោកសាស្ត្រាចារ្យ មានគម្រោងរៀបចំចងក្រងសៀវភៅឱ្យបានយ៉ាងហោចណាស់ ១៥ក្បាល សម្រាប់ចែករំលែកចំណេះដឹងរបស់លោកដល់យុវជនជំនាន់ក្រោយ និងអ្នកសិក្សាស្រាវជ្រាវ។
ក្នុងនាមជាអ្នកចងក្រងសៀវភៅ លោកសង្ឃឹមយ៉ាងមុតមាំថា សៀវភៅរដ្ឋបាលការទូត ថ្មីនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ និងប្រតិបត្តិការរដ្ឋបាលក្នុងរបត់ថ្មីមួយប្រកបដោយប្រសិទ្ធភាព និរន្តរភាព វឌ្ឍនភាពឥតឈប់ឈរក្នុងការជំរុញគោលនយោបាយការទូតនៅលើឆាកអន្តរជាតិ ហើយអ្នកសិក្សានៅក្នុងវិស័យនេះ នឹងទទួលបាននូវចំណេះដឹងបន្ថែមជាពុំខាន៕