(ពោធិ៍សាត់)៖ លោក ហៀម ឃួន និងលោក ហេង សុភាណា អភិបាលរងខេត្ត ជាសហប្រធាន និងជាតំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ និងទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី រថយន្ត FORD របស់ក្រុមហ៊ុន RMA CAMBODIA។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រោងចក្រដំឡើងរថយន្ត FORD ត្រូវបានដំណើរការជាលើកដំបូង នៅឆ្នាំ២០២២ លើផ្ទៃដីសរុបប្រមាណជាង៥ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគដំបូង ចំនួន២១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិតដំឡើង CKD។

ថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគ រហូតទៅដល់២៦.៨លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្ម លើសង្វាក់ផលិតកម្មកម្រិត IKD-1 ដោយពង្រីកផ្ទៃដីសរុបរហូតដល់១២ហិកតា ដែលអាចបង្កើតការងារជំនាញ បានជាង៥០០កន្លែង និងមានសមត្ថភាពអាចផលិតរថយន្ត បានចំនួនប្រមាណ៩,០០០គ្រឿង ក្នុងមួយឆ្នាំ។

កាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុន RMA ក៏បានប្រកាសខ្លួនជាផ្លូវការថា រថយន្ត FORD នឹងក្លាយជារថយន្តផ្លូវការ ដែលផលិតនៅកម្ពុជា Made In Cambodia ដោយមិនគ្រាន់តែជារោងចក្រដំឡើងទៀតនោះទេ។ នេះជាមោទនភាពថ្មីមួយបន្ថែមទៀត ដែលរថយន្ត FORD ត្រូវបានផលិតនៅប្រទេសកម្ពុជា ផលិតដោយប្រជាជនកម្ពុជា និងស្តង់ដារពិភពលោក ពិសេសផ្តល់ឲ្យការងារ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផ្ទាល់តែម្តង៕