(ភ្នំពេញ)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពេលវេលាមួយដែល​បេះ​ដូង​​ខ្មែរតែងតែនឹករលឹក និងរត់រកគ្នា ហើយក៏ជាពេលវេលាដែលខ្មែរ​តែង​​នឹក​​រលឹកដល់គុណូបការៈជនធ្លាប់បានធ្វើគុណនានា​ផង​ដែរ។ ផ្តើមពីការនឹករលឹក និងការដឹងនូវគុណូបការៈទាំងអស់នេះ​ហើយ ទើបនាំឱ្យខ្មែរមានវប្បធម៌ប្រទាក់ពាក្យសម្តីគ្នាតាមរយៈការ​សាក​សួរ​សុខទុក្ខ និងការជូនពរគ្នាជាដើម។ វប្បធម៌នេះមានគ្រប់ស្រទាប់​វណ្ណៈ​ក្នុងសង្គមខ្មែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ មិនត្រឹមតែប្រជាពលរដ្ឋ​ក្នុង​នគរកម្ពុជាដែលបានផ្ញើសារជូនពរគ្នាជាហូរហែនោះ ព្រះសង្ឃ​ខ្មែរ​​កម្ពុជា​​​ក្រោម តាមបណ្តាខេត្តនានានៅខ្មែរកម្ពុជាក្រោម ក៏ដូចជា​ព្រះ​សង្ឃ​ខ្មែរក្រោមកំពុងគង់នៅកម្ពុជា ព្រមទាំងសមាគមខ្មែរ​ក្រោម​ជា​ច្រើន​​ទៀត ក៏បានផ្ញើសារលិខិតជូនពរសម្តេចតេជោជាទីគោរព​ស្រឡាញ់ ជាបន្តបន្ទាប់​ផង​ដែរ។

សារលិខិតជូនពរនោះមានដូចជា ព្រះកិត្តិបណ្ឌិត បធានជ្ងោតោ ថាច់ អង ព្រះមេគណសាលាគណខេត្តព្រះត្រពាំង, ព្រះធម្មវិមាន​ត្ថេរ ថាច់ ញឹក ព្រះចៅអធិការ វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយ​សៀម​ថ្មី នៅខេត្តព្រះត្រពាំង, ព្រះពុទ្ធសរណោ ឡឹមចន្ទសំណាង ព្រះចៅអធិការវត្តចន្ទសោភ័ណព្រែកអណ្តើក ខេត្តឃ្លាំង, ព្រះអគ្គ​ធម្មោ បណ្ឌិត យ័ញអ៊ុក ព្រះលេខាសមាគមសាមគ្គីព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង​រ៉ាច់​យ៉ា ព្រះចៅអធិការវត្តមុនីវង្សា ជ្រុងយោង ខេត្តក្រមួនស, ព្រះចៅ​អធិការកល្យាណជយោ ថាច់ ថាញ់ហ្វៀង ព្រះឧទ្ទេសាចារ្យ អាវុធ​ប្បញ្ញោ ថាច់ វុឌ្ឍី វត្តពិសីវរារាម ឃុំគ្រឿងថាញ់ ស្រុកអន្លង់ ខេត្តព្រះ​ត្រពាំង, ព្រះភិក្ខុ សុវណ្ណញ្ញាណោ ជាតិ មុនី ព្រះចៅអធិការស្តីទី វត្តសាមគ្គីរង្ស៊ី, លោក សឿង សុធានី ប្រធានសមាគមពលរដ្ឋខ្មែរ​ក្រោម​នៅកម្ពុជា និងលោក ញឹម ឫទ្ធី ប្រធានស្តីទីមិត្តសមាគមខ្មែរ​កម្ពុជាក្រោម។

ក្នុងសារជូនពរទាំងនោះ ក្រៅពីពាក្យពេចន៍ជូនពរក្នុងឱកាសឆ្នាំថ្មី​ហើយនោះ ព្រះសង្ឃខ្មែរក្រោម ក៏ដូចជាសមាគមខ្មែរក្រោម បានគូស​រំលេចពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះព្រះសង្ឃខ្មែរ​ក្រោម តាមរយៈការដង្ហែអង្គកឋិនទានសាមគ្គីមហា​គ្រួ​សា​រខ្មែរទៅ​កាន់​វត្តស្វាយសៀមថ្មី នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែល​ព្រះសង្ឃ​ទូទាំងខេត្តតែងតែនឹករឭកជានិច្ច។

ក្នុងសារជូនពរ ក៏បានគូសរំលេចពីការប្រគេនព្រះត្រៃបិដក និងវចនា​នុ​ក្រម​តម្កល់ទុកក្នុងវត្តអារាមព្រះពុទ្ធសាសនា ក្នុងគោលបំណង​ថែ​រក្សាព្រះពុទ្ឋសាសនា និងអក្សរសាស្ត្រជាតិផងដែរ។

តបទៅនឹងសារជូនពរប្រកបដោយទឹកព្រះទ័យ និងទឹកចិត្តដ៏វិសេស​វិសាលរបស់ព្រះសង្ឃ និងប្រជាសហគមន៍ខ្មែរក្រោម, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីត្រេកអររីករាយយ៉ាងក្រៃលែង។

ក្នុងសារថ្លែងអំណរព្រះគុណព្រះសង្ឃខ្មែរកម្ពុជាក្រោម, សម្តេច​តេជោ ហ៊ុន សែន ក៏បានគូសរំលេចនូវក្តីថ្លែងអំណរព្រះគុណ សម្រាប់ទឹកព្រះទ័យទុកដាក់ប្រកបដោយឆន្ទៈមោះមុតរបស់ព្រះសង្ឃខ្មែរក្រោម ក្នុងការលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដោយមិនខ្លាចនឿយហត់ក្នុងព្រះបុព្វហេតុនៃការអភិរក្សទំនៀមទម្លាប់ប្រពៃណីបរមបុរាណរបស់ខ្មែរ និងក្នុងព្រះបុព្វហេតុជាឧត្តមប្រយោជន៍មហាសាមគ្គីនៃគ្រួសារខ្មែរគ្រប់ទិសទី ក្រោមដំបូលនៃសុខសន្តិភាព និងការរីកចម្រើននៃព្រះពុទ្ធសាសនា។

ដោយឡែកក្នុងសារលិខិតថ្លែងអំណរគុណទៅកាន់លោក សឿង សុធានី វិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត លះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុជាឧត្តមប្រយោជន៍នៃប្រជាជាតិកម្ពុជា ជាពិសេសបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីកម្ពុជា។

តាមរយៈសារជូនពរពីសំណាក់ព្រះសង្ឃ និងសមាគមខ្មែរកម្ពុជា​ក្រោម ក៏ដូចជាសារអរព្រះគុណ និងអរគុណរបស់សម្តេចតេជោ បាន​បង្ហាញពីការត្របាញ់ចូលគ្នាចំណងបេះដូង និងមនោសញ្ចេតនា​ជ្រាល​ជ្រៅរវាងព្រះសង្ឃ និងបងប្អូនខ្មែរកម្ពុជាក្រោម ជាមួយ​សម្តេចតេជោ ហ៊ុន សែន។

សារជូនពរ និងសារអរព្រះគុណ អរគុណឆ្លងខណ្ឌសីមាសម្រាប់​បុណ្យ​​​ចូលឆ្នាំថ្មីប្រពៃណីជាតិរវាងសហគមន៍ខ្មែរកម្ពុជាក្រោម និង​ថ្នាក់​ដឹក​នាំជាតិរបស់កម្ពុជា គឺជារឿងកម្រ​បានឃើញ។ តាមរយៈ​សារឆ្លើយឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏បានផ្តល់កម្តៅ​បេះដូង​ដ៏សែនកក់ក្តៅបំផុតសម្រាប់ព្រះសង្ឃ និងបងប្អូនខ្មែរក្រោម ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំជាន់ថ្មីរបស់ខ្មែរ​ដំបូង​គេ ដែលបានជួយជ្រោងដង្ហើមព្រលឹងវប្បធម៌ខ្មែរ​លើទឹកដីខ្មែរ​កម្ពុជា​ក្រោម៕