(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់ ក្នុងការបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៃដំណើរការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ កងកម្លាំងនគរបាល ជាតិ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយកង កម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៃដំណើរការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ឱ្យប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាពទាំងស្រុង»

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ របស់ ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដែលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ ការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ដើរតួនាទីជាកម្លាំងស្នូលប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូពុះពារ បំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេច បានជោគជ័យយ៉ាងត្រចះត្រចង់ និងចូលរួមលើកស្ទួយ កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមលោកផ្ទាល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមថ្លែងនូវការកោតសរសើរដោយស្មោះ និងជូនពរ ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្ត្រីជាប់កិច្ច សន្យាទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ព្រមទាំងទទួលបាននូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕