(ថៃ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Wan Mohamad Nor Matha ប្រធានរដ្ឋសភាថៃ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបកំណើតព្យាការី មូហាំម៉ាត់ (Mawlid Al-Nabawi) លើកទី៥៩ ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
លោកទេសរដ្ឋមន្ត្រីបន្តថា សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ ចូលរួមចំណែកការងារជាថ្នាក់ដឹកនាំនៅក្នុងជួររាជរដ្ឋាភិបាលពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
ទេសរដ្ឋមន្ត្រី បានរំលេចដែរថា បច្ចុប្បន្នស្ថាប័នរដ្ឋសភាកម្ពុជា នីតិកាលទី៥ មានសមាជិកចំនួន១២៥រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន៦រូប ស្រី១រូប។ ដោយឡែកស្ថាប័នព្រឹទ្ធសភាកម្ពុជាមានសមាជិកចំនួន ៦២រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៥រូប ដោយក្នុងចំណោម៥រូបនេះ ក៏មានស្ត្រី ១រូបផងដែរ។
បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ ទេសរដ្ឋមន្ត្រីខាងលើ លោក Wan Mohamad Nor Matha ប្រធានរដ្ឋសភាថៃ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានទទួលព័ត៌មានស្តីអំពី សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើគ្រប់សាសនាទាំងអស់ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា។
ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំពិធីពិសារអាហារស្រាយបួសថ្នាក់ជាតិ ជូនសហគមន៍ឥស្លាមជាលក្ខណៈទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ ដែលបានបង្ហាញពីយកចិត្តទុកពីប្រមុខរាជរដ្ឋាភិបាលដល់សហគមន៍ឥស្លាមកម្ពុជា ហើយឯកឧត្តមក៏ធ្លាប់បានអញ្ជើញចូលរួមនាពេលកន្លងមកផងដែរ។
បន្ថែមលើនេះ ប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត៕