(កាហ្សាក់ស្ថាន)៖ ឆ្លៀតក្នុងដំណើរទស្សនកិច្ចការងារ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធជាមួយលោក Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

ជំនួបនេះស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥ តាមរយៈការចុះអនុស្សារណៈស្តីពី ការយោគយល់គ្នាលើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ ដោយមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក។

តាមរយៈកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ការថតភាពយន្តទេសចរណ៍នៅកម្ពុជាដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺ ប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក។

ជាពិសេសនោះគឺប្រជាជន និងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាអំឡុងឆ្នាំ១៩៨២។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្ដ្រី បានធ្វើដំណើរពីរដ្ឋធានី Astana មកដល់ទីក្រុង Almaty តាំងពីព្រឹកព្រលឹម រង់ចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចការងាររបស់ លោក ហួត ហាក់ និងបានឆ្លៀតពេលវេលាចំអិនម្ហូបជាច្រើន មុខត្រៀមទទួលលោករដ្ឋមន្ដ្រីដោយផ្ទាល់ដៃ តាមទំនៀមទំលាប់ប្រពៃណីបដិសណ្ឋារកិច្ចភ្ញៀវរបស់ប្រជាជនកាហ្សាក់ស្ថានពីដើមរៀងមក៕