(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកបក្ស មូលដ្ឋានខេត្តកំពត បានដឹកនាំសមាជិកក្រុមការងារទាំងអស់ ចុះជួបជាមួយសមាជិក និងថ្នាក់ដឹកនាំគណបក្សនយោបាយ និងក្រុមប្រឆាំងផ្សេងៗមកពីគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀត.

គិតចាប់ពីថ្ងៃទី១៦-១៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបាន សកម្មជនគាំទ្រគណបក្សភ្លើងទៀន ចំនួន ៣៥៣នាក់ ក្នុងនោះស្រីចំនួន ១៧២នាក់ មកពីស្រុកចំនួន៤ មានស្រុកបន្ទាយមាស, ស្រុកឈូក, ស្រុកអង្គរជ័យ, ស្រុកទឹកឈូ ខេត្តកំពត បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពួកគាត់ទាំងអស់គ្នា ស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ៕