(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឈានឡើង។
លោករដ្ឋមន្ត្រីបានអំពាវនាវបែបនេះ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករផ្សារថ្មី ផ្សារចាស់ ក្នុងក្រុងពោធិ៍សាត់ និងអាជីវករផ្សារ ក្នុងស្រុកបាកាន ចំនួន៥០០នាក់ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត។
បន្ទាប់ពីលោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានធ្វើរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអំពីចំនួនអាជីវករ ដែលចូលរួមនោះរួចមក, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ក្នុងក្រុងពោធិ៍សាត់ និងស្រុកបាកាននាឱកាសនេះ ពោលគឺក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ ដែលនឹងទើបបញ្ចប់។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ និងស្រុកបាកាន ដែលតែងតែបន្តគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ បើទោះបីជាមិនទទួលបានលទ្ធផលល្អប្រសើរ ជាងបណ្តាស្រុកដ៏ទៀត ដូចជាស្រុកកណ្តៀង និងស្រុកក្រគរ យ៉ាងនោះណាក្តី។
លោករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដោយឡែក សម្រាប់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់លំនឹងសេដ្ឋកិច្ចជាតិ និងដើម្បីទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជា។ ហើយសម្រាប់ខេត្តពោធិ៍សាត់យើង ក៏ជាមោទកភាពផងដែរ ដែររាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត តាមរយៈការគាំទ្រ ដល់ការតម្លើងរោងចក្រជាច្រើន រួមទាំងផ្តល់ឱកាសការងារនៅនឹងកន្លែងជាច្រើនម៉ឺននាក់ ឱ្យបងប្អូនកូនក្មួយប្រជាពលរដ្ឋ មានប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ មិនធ្វើចំណាកស្រុក។
លោក កែវ រតនៈ បានគូសបញ្ជាក់ថា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ឆាប់ៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី រថយន្តFORD របស់ក្រុមហ៊ុន RMA CAMBODIA នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខណៈរថយន្តFORD នឹងក្លាយជារថយន្តផ្លូវការ ដែលបានផលិតនៅកម្ពុជា Made In Cambodia ផលិតដោយប្រជាជនកម្ពុជា និងស្តង់ដារពិភពលោក។ នេះគឺជាមោទនភាពថ្មីមួយបន្ថែមទៀត មិនទាន់រាប់បញ្ជូល រោងចក្រ សហគ្រាស សិប្បកម្ម និងស្ថានីយ៍វ៉ារីអគ្គិសនី ដែលកំពុងដំណើរការ និងកំពុងសាងសង់ក្នុងខេត្តនៅឡើយ។
លោកសូមឱ្យបងប្អូនអាជីវករទាំងអស់ រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឈានឡើង។ ហើយលោកក៏សូមប្តេជ្ញាចិត្តប្តូរផ្តាច់ ជាមួយលោកអភិបាលខេត្ត ធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ប្រែមុខមាត់ថ្មី និងមានការរីកចម្រើនផងដែរ៕