(ភ្នំពេញ)៖ ដូចសព្វមួយដង មានមិត្តអ្នកអានជាច្រើនបានសំណូមពរមកខ្ញុំ ឱ្យផ្សាយពីរឿងរ៉ាវក្រៅឆាកដូចដែលខ្ញុំតែងចងក្រងកន្លងមកនូវរាល់កិច្ចប្រជុំធំៗ និងឥរិយាបថរបស់មេដឹកនាំនៅពេលមានដំណើរទស្សនកិច្ចម្តងៗទៅកាន់ប្រទេសនានា​។ ក៏ដូចគ្នាសម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជាកាលពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលមិត្តអ្នកអានបានដឹងថា ប្រាកដជាមានរឿងក្រៅឆាកទៀតហើយ។

ដើម្បីឆ្លើយតបនូវសំណូមពរទាំងនោះ ខ្ញុំសូមរំលេចនិងផ្សាយជូននូវវគ្គក្រៅឆាកខ្លះៗដូចខាងក្រោម៖

បួនយប់ប្រាំថ្ងៃ៖
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសអាស៊ានចំនួនបី ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតី ស៊ី ជីនពីង បានចំណាយពេលបួនយប់ប្រាំថ្ងៃដោយផ្តើមរាត្រីដំបូងនៅប្រទេសវៀតណាម រយៈពេលមួយយប់ បន្ទាប់មកពីរយប់នៅម៉ាឡេស៊ី និងរាត្រីចុងក្រោយនៅកម្ពុជា។

វក់វីថ្ងៃទស្សនកិច្ច៖
ថ្ងៃខែដែល លោក ស៊ី ជីនពីង បានមកដល់ប្រទេសកម្ពុជាបានក្លាយទៅជាប្រធានបទមួយដែលត្រូវបានគេយកមកពិភាក្សាយ៉ាងផុលផុសនោះគឺថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចម្រូងចម្រាស់មួយសម្រាប់អ្នកកត់ត្រាប្រវត្តិសាស្រ្ត។ មានការលើកឡើងថា ហេតុដូចម្តេចបានជា​ លោក ស៊ី ជីនពីង រើសយកថ្ងៃ១៧ ខែមេសា ប៉ះចំថ្ងៃដែលខ្មែរក្រហមចូលកាន់អំណាច? នៅកម្ពុជាមានការយល់ឃើញផ្សេងៗគ្នា រីឯសារព័ត៌មានបរទេសមួយបានសរសេរថា លោក ស៊ី បានរើសយកចំថ្ងៃខួបទី៥០ នៃការដួលរលំរបបលន់ នល់ (១៧ មេសា ១៩៧៥) ដែលអាម៉េរិកនៅពីក្រោយ។ ជាទម្លាប់ រាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសមួយទៅកាន់ប្រទេសមួយទៀត​ ឬទៅកាន់ប្រទេសច្រើនក្នុងពេលតែមួយមិនងាយតម្រូវចិត្តដល់គ្រប់ប្រទេសជាម្ចាស់ផ្ទះនោះឡើយ លុះត្រាតែមានការសម្របសម្រួលនិងយោគយល់ខ្លះ។ តាមព័ត៌មានក្រៅផ្លូវការ ថ្នាក់ដឹកនាំកម្ពុជាក៏មានសំណូមពរលើកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះដែរ ប៉ុន្តែការទទួលរបស់ប្រទេសពីរទៀតក៏ជួបបញ្ហាដែរ ហើយបើកម្ពុជាទទួលលោក ស៊ី ជីនពីង ជាប្រទេសដំបូងគឺថ្ងៃទី១៤ មេសា រឹតតែលំបាក ឬភាសាសាមញ្ញថាជាការរំខានទៅវិញ ព្រោះចំថ្ងៃចូលឆ្នាំដំបូងនៅស្រុកខ្មែរ តើកម្ពុជាទៅរកអ្នកចាំទទួលដែលគ្រោងទុក និងអ្នកដែលពាក់ព័ន្ធក្នុងការទទួលរួមទាំងសន្តិសុខចំនួនប្រហែលជាងបីម៉ឺននាក់ចំថ្ងៃចូលឆ្នាំបានយ៉ាងដូចម្តេចទៅ? (សច្ចភាពមានតែមួយ ប៉ុន្តែការយល់ឃើញខុសៗគ្នា​ មនុស្ស១០ ចិត្ត១០)។

លោក ស៊ី ជីនពីង មិនប្រើឡានម្ចាស់ផ្ទះទេ៖
សម្រាប់កម្ពុជា លោក ស៊ី ជីនពីង អាចចាត់ទុកថាជាមេដឹកនាំទីពីរហើយរបស់ពិភពលោក បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ដែលប្រើរថយន្តផ្ទាល់ខ្លួន។ លោក ស៊ី បានប្រើរថយន្ត ម៉ាក ហុងជី (Hongqi) របស់ចិន។ រថយន្តនេះត្រូវបានគេដំណាលថាយកលំនាំរូបរាងស្រដៀងទៅនឹងរថយន្តតូយ៉ូតា​ក្រោនរបស់ជប៉ុន (Toyota Crown)។​ រថយន្តមួយប្រភេទនេះ ម៉ាក N701 ត្រូវបានគេផលិតសម្រាប់មេដឹកនាំចិន ដែលគេប្រដូចទៅនឹងរថយន្តរបស់ប្រធានាធិបតីអាម៉េរិកហៅថា THE BEAST។ ព្រោះវាមានលក្ខណៈពិសេសអាចការពារមេដឹកនាំបានច្រើនយ៉ាង ដូចជាសម្បកកង់អាចការពារគ្រាប់កាំភ្លើង និងប្រព័ន្ធការពារអាវុធគីមី និងជីវសាស្រ្ត ជាដើម។

យន្តហោះបួនគ្រឿង៖
ចិនបានប្រើយន្តហោះរហូតដល់ទៅបួនគ្រឿងឯណោះសម្រាប់ដឹកសម្ភារៈនិងរថយន្ត ដឹកក្រុមការងារ និងសម្រាប់ប្រធានាធិបតី។

សមរភូមិព័ត៌មាន៖
រហូតដល់ថ្ងៃដែល លោក ស៊ី ជីនពីង មកដល់កម្ពុជា អ្នកសារព័ត៌មានចិនចំនួន១៦២ នាក់ មកពី១២ស្ថាប័ន បានមានវត្តមាននិងពង្រាយស្ទើរពេញទីក្រុងភ្នំពេញ។ អ្នកសារព័ត៌មាន គឺជាតួអង្គសំខាន់ដែលត្រូវវាយលុកក្នុងសមរភូមិការទូតបែបចិត្តសាស្រ្ត និងដើម្បីបង្ហាញឥទ្ធិពល។ ស្របពេលដែលចិនប្រើប្រាស់ព័ត៌មានជាសមរភូមិជួរមុខ កម្ពុជាបែរជាបាត់បង់វត្តមានអ្នកសារព័ត៌មានរបស់ខ្លួននៅគ្រប់កម្មវិធីនៃដំណើរទស្សនកិច្ចទាំងមូលរបស់លោក ស៊ី ជីនពីង លើកលែងតែសារព័ត៌មានរបស់រដ្ឋប៉ុន្មានស្ថាប័នប៉ុណ្ណោះ។ ខ្ញុំសាកល្បងស្វែងយល់ទៅឃើញថា ប្រហែលជាស្ថានការពិភពលោកមិនអំណោយផល ជាពិសេសសង្រ្គាមពាណិជ្ជកម្មដែលកម្ពុជាគួររក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា នឹងមានវត្តមានអ្នកសារព័ត៌មានកម្ពុជាច្រើននៅពេលមានដំណើរទស្សនកិច្ចធំៗបែបនេះនៅពេលក្រោយៗទៀត។​

ជម្លោះម៉ាស៊ីនត្រជាក់៖
ដោយសារតែម៉ាស៊ីនត្រជាក់ សន្តិសុខរបស់កម្ពុជានិងចិនបានប៉ះសម្តីនិងកាយវិការគ្នាមួយប្រាវ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានយកចិត្តទុកដាក់ដល់ភាគីចិន ដោយបើកម៉ាស៊ីនត្រជាក់ធ្វើយ៉ាងណាឱ្យត្រជាក់ ប៉ុន្តែភាគីចិនបែរជាសូមបិទទៅវិញរហូតបង្កការរំខានដល់កិច្ចប្រជុំ ហើយក្រោយមកភាគីចិន ក៏សូមចូលមកបន្ទប់ដើម្បីបើកវិញតែខាងសន្តិសុខកម្ពុជាមិនឱ្យ ព្រោះខាងភាគីចិនសុំចូលច្រើនគ្នាពេកដែលជាក្តីបារម្ភខ្លាចរំខានដល់កិច្ចប្រជុំរបស់មេដឹកនាំ។ ពេលនោះហើយដែលការប៉ះសម្តីគ្នាបានកើតឡើង ប៉ុន្តែភ្លាមៗនោះ ក៏មានការសម្របសម្រួលទើបយល់គ្នាថាដោយសារមេដឹកនាំចិនសូមមិនឱ្យបើកម៉ាស៊ីនត្រជាក់ក្រោម២៥អង្សា។

បីប្រទេសប្រើក្រវាត់កពីរពណ៌៖
នៅក្នុងដំណើរទស្សនកិច្ចមកកាន់បីប្រទេសក្នុងតំបន់អាស៊ាន គេសង្កេតឃើញលោក ស៊ី ប្រើក្រវាត់កតែពីរពណ៌ប៉ុណ្ណោះ គឺក្រហម និងខៀវ។ 

លោក ស៊ី វេចឯកសារជាង១០០ត្រលប់ទៅកាន់ប្រទេសវិញ៖
លោក ស៊ី ជីនពីង បាននាំឯកសារចំនួន១១៣ ទៅកាន់ប្រទេសខ្លួនវិញ ក្នុងនោះជាមួយវៀតណាមចំនួន​៤៥ ជាមួយម៉ាឡេស៊ីចំនួន៣១ និងកម្ពុជាចំនួន៣៧។

លោក ស៊ី ជីនពីង ពេញចិត្តការទទួលរបស់កម្ពុជា៖
កម្ពុជាពិតជាមានភាពចាស់ទុំក្នុងការទទួលភ្ញៀវ ហើយនេះក៏អាចជាកេរដំណែលមួយដែលកម្ពុជាមានជាយូរយារមកហើយ ជាពិសេសតាំងពីសម័យអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលតែងទទួលភ្លៀវប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលបរទេសបានស្ទើរល្អឥតខ្ចោះ ហើយដែលកម្ពុជាតែងទទួលបានការកោតសរសើរពីមេដឹកនាំបរទេសក្រោយពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។

កាដូរបស់លោក ស៊ី សម្រាប់កម្ពុជា៖
កាដូដែលលេចធ្លោធំជាងគេ គឺព្រែកជីកហ្វូណនតេជោ ដែលមានទឹកប្រាក់រហូតដល់ជាង មួយពាន់មួយរយលានដុល្លារ។​ ជាកាដូដែលបំពេញបំណងចង់បានរបស់កម្ពុជាសម្រាប់គម្រោងជាប្រវត្តិសាស្រ្តដ៏ធំមួយនេះ៕

សំណេររបស់លោក ពុយ គា