(កំពត)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត។
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ រួមមាន ផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការកំពង់ផែ។
តាមការគ្រោងទុករបស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាចរណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។
កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។
ដោយមើលឃើញនូវសក្តានុពលដ៏សម្បើមនៃវិស័យទេសចរណ៍តាមផ្លូវសមុទ្រ ដែលបានផ្តើមចេញពីគម្រោងនេះ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលបានសាងសង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍នេះ នឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹកលើសពី ៣ម៉ែត្រ ទទឹងប្រវែងពី ១៦០ម៉ែត្រ ទៅ ៣៤០ម៉ែត្រ ដែលមានប្រវែងរហូតដល់ ១៥គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវា រហូតដល់ផ្ទៃសមុទ្រ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម។
ទន្ទឹមនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់កំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រតិបត្តិការ និងការថែទាំ (O&M Agreement) នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាមួយក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការប្រើប្រាស់ គ្រប់គ្រង ធ្វើប្រតិបត្តិការ ជួសជុល ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងបរិក្ខារផ្សេងៗ និងមានសិទ្ធិក្នុងការប្រមូលចំណូលសម្រាប់រយៈពេល ២០ឆ្នាំ ព្រមទាំងទទួលបានការអនុគ្រោះពន្ធពីរាជរដ្ឋាភិបាលរយៈពេល ៦ឆ្នាំដំបូងនៃប្រតិបត្តិការ។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានធ្វើការរួមគ្នាលើការរៀបចំការងារចាំបាច់មួយចំនួន មានជាអាទិ៍ ការពិនិត្យផ្ទៀងផ្ទាត់លើទិដ្ឋភាពទូទៅនៃឋបនីយភណ្ឌផែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារបច្ចេកទេស និងការបំពាក់ឧបករណ៍បរិក្ខារចាំបាច់សម្រាប់ប្រតិបត្តិការ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីបើកឱ្យដំណើរការជាផ្លូវការនូវកំពង់ផែនេះជាមួយប្រទេសជិតខាងនិងអន្តរជាតិ និងការរៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការនិងការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងយន្តការគ្រប់គ្រងគម្រោងផងដែរ។
បន្ទាប់ពីទទួលបានសិទ្ធិនិងកាតព្វកិច្ចសម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពតស្របតាមកិច្ចព្រមព្រៀងមក ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក ក៏បានបូមស្តារប្រឡាយនាវាចរណ៍ នៅត្រង់ទីតាំងខាងមុខកំពង់ផែនិងកន្លែងបត់នាវា និងចំណុចផ្សេងទៀតមួយចំនួនដែលជាឧបសគ្គដល់ការធ្វើដំណើររបស់នាវា ហើយបច្ចុប្បន្ននេះ នាវាដឹកអ្នកដំណើរ ដែលមានចំណុះរហូតដល់ ៣០០នាក់ អាចចូល-ចេញកំពង់ផែនេះបានដោយសុវត្ថិភាព។
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បងសម្រាប់រយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ការធ្វើប្រតិបត្តិការពេញលេញ និងត្រូវកំណត់ឱ្យប្រារព្ធពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ។
ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក បានសហការជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាដៃគូក្នុងស្រុក ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្តនានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ដែលជាលទ្ធផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ កំពង់ផែនេះទទួលបានភ្ញៀវទេសចរសរុបជាង ៥,០០០នាក់ ចេញ-ចូល។ បន្ថែមពីលើនេះ និងដោយមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនក៏បានសិក្សាអំពីកិច្ចសហការធុរកិច្ចជាមួយដៃគូក្រៅប្រទេសមួយចំនួន ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មកំពង់ផែនេះ ជំរុញលើកកម្ពស់លំហូរទេសចរណ៍ ឬសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងពង្រីកវិស័យទេសចរណ៍របស់កម្ពុជានាពេលអនាគត៕