(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចគ្មានពេលអង្គុយរង់ចាំការចរចារបស់ក្រសួង ឬស្ថាប័នណាមួយនោះ ដូច្នេះហើយសម្តេចត្រូវចូលវះកាត់សម្រេចលទ្ធផល ដើម្បីពន្លឿនការងារ។
សម្តេចធិបតីថ្លែងបែបនេះ បន្ទាប់ពីក្រសួងពីរបានចរចាការបែងចែក ភារកិច្ចការងារគ្នា ដែលបានប្រើប្រាស់រយៈពេលរហូតដល់ជិត១ឆ្នាំ ប៉ុន្តែនៅតែមិនទាន់ទទួលបានលទ្ធផល ដែលការចរចាចុះឡើងមិនដាច់ស្រេចនេះ នឹងធ្វើឱ្យយឺតការងារ និងរត់មិនទាន់គេ។
ការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មុនចូលឆ្នាំ ខ្ញុំហៅវះកាត់ក្រសួងពីរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នជជែកគ្នា អត់មានខុសទេ នៅក្នុងបទដ្ឋានតួនាទីភារកិច្ចវាមានប្រទាក់ក្រឡាគ្នាខ្លះៗ ប៉ុន្តែញែកគ្នាអត់ដាច់ អ៊ីចឹងត្រូវវះកាត់ឱ្យដាច់ ចឹងយើងវះកាត់ហើយ។ អង្គុយជជែគ្នាតែម្តង ហៅរដ្ឋមន្រ្តីពីរមកប្រាប់ខ្ញុំ ឥលូវកិច្ចការងារហ្នឹងក្រសួងមួយណាមានប្រទាក់ក្រឡាខ្ពស់ជាងគេ ហើយពេលវះកាត់ច្រើនត្រូវពិភាក្សាគ្នា ថា ត្រូវបែងចែកបែបមិច ប្រជុំដឹកនាំជិតមួយឆ្នាំអត់ចេញ ខ្ញុំហៅវះកាត់ប្រហែលជា២ម៉ោង ដាក់ផាំងដាច់ផាច់ ឆ្នាំថ្មីអាចធ្វើការងារបាន ព្រោះខ្ញុំអត់មានពេលវេលាអង្គុយចាំនោះទេ ខ្ញុំចង់បានលទ្ធផល»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលវះកាត់ការងារនេះ អាចនឹងមានការលើកឡើងថា សម្តេចចូលជ្រៀតជ្រៀតការងារគេ ប៉ុន្តែសម្តេចសុខចិត្តឱ្យមន្ត្រីបន្ទោសរឿងលូកការងារ តែសម្តេចមិនឱ្យប្រជាពលរដ្ឋបន្ទោសថាធ្វើការងារយឺតនោះទេ។
ទន្ទឹមគ្នានេះ នៅពេលក្នុងឆាប់ៗនេះ សម្តេចបានណែនាំឱ្យបង្កើតយន្តការរៀបចំការចរចា ការធ្វើពាណិជ្ជកម្ម និងការនាំចេញផលិតផលមួយចំនួនដែលមានភាពយឺតយ៉ាវកន្លងមកផងដែរ ដើម្បីបើកច្រកនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិនឱ្យបានច្រើន ដោយសម្តេចកត់សម្គាល់ថា ការនាំចេញយឺតយ៉ាវនេះ គឺដោយសារតែនិតិវិធីស្មុគ្រស្មាញ៕