(កំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានសម្ដែងនូវការហួសចិត្តចំពោះទស្សនៈមិនពេញចិត្តនឹងចិន បើទោះបីអ្នកដែលមិនពេញចិត្តនោះ កំពុងតែទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់ក្រុមហ៊ុនចិនយ៉ាងណាក្ដី។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកដែលរិះគន់ និងមិនពេញចិត្តចំពោះការវិនិយោគចិន កំពុងតែប្រើប្រាស់ផ្លូវដែលកសាងដោយឥណទានរបស់ចិន ហើយខ្លះទៀតកំពុងធ្វើការដែលទទួលបានប្រាក់ខែយ៉ាងច្រើន ពីការវិនិយោគរបស់ក្រុមហ៊ុនចិន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកខ្លះជិះនៅលើផ្លូវ Highway ដែលកសាងដោយឥណទានពីចិន ជេរចិន, អ្នកខ្លះធ្វើការក្នុងរោងចក្រ ដែលមានថៅកែចិន ប្រាក់រាប់រយដុល្លារ ខ្លះដល់រាប់ពាន់ដុល្លារ នៅជេររដ្ឋាភិបាលទាញវិនិយោគពីចិនមកខ្ញុំមិនយល់! នេះទាក់ទងទៅនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៉ី ជីនពីង ដែលគាត់មកក្រោយចូលឆ្នាំ»។
ការហួសចិត្តចំពោះទស្សនៈមិនពេញចិត្តនឹងចិនរបស់បុគ្គលមួយចំនួន ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅកម្ពុជាត្រូវបានបិទបញ្ចប់កាលពីសប្ដាហ៍កន្លងទៅនេះ ពោលក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បុគ្គលជ្រុលនិយមមួយចំនួនបានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ក្រោយប្រធានាធិបតី ស៉ី ជីនពីង មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ផ្ទុយពីការរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ប្រជាពលរដ្ឋកម្ពុជា គួរតែមានមោទនភាពដែលកម្ពុជា ប្រទេសតូចមួយ មានទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយប្រទេសមហាអំណាច និងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសតែ៣គត់ ក្នុងដំណើរទស្សនកិច្ច មានវៀតណាម ម៉ាឡេស៉ី និងកម្ពុជា។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន មិនមានអ្វីខុសឆ្គងឡើយ ពោលកម្ពុជាមិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្ដាច់ចោលប្រទេសណាមួយទេ គឺមានទំនាក់ទំនងជាមួយគ្រប់បណ្ដាប្រទេសនៅលើពិភពលោក។ សម្ដេចបានអះអាងទៀតថា ជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្អែកទៅលើគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន ទាំងសេដ្ឋកិច្ច ទាំងសង្គមនៅទូទាំងប្រទេសកម្ពុជា។ មិត្តចិនក៏ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងជាច្រើន និងជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា។
គិតមកដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបប្រមាណជាង៣ពាន់លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និងការតភ្ជាប់ដែល មានភាពប្រទាក់ក្រឡាពេញផ្ទៃក្នុងប្រទេស និងក្នុងតំបន់។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានសង្កត់ធ្ងន់ថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិនគ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ និងស្ពាន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន បង្ហាញច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន។ កម្ពុជា និងចិន នៅតែជាមិត្តល្អ នៅតែជាមិត្តដែលគោរពសិទ្ធិ និងអធិបតេយ្យជាតិនៃប្រទេសទាំងពីរទៅវិញទៅមក៕