(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការកសាងបានធនធានមនុស្សដែលខ្លាំងគឺអាស្រ័យលើកត្តាធំៗចំនួន៥យ៉ាង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

លោក នួន ផារ័ត្ន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាគគីរ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ហ្សង់ ហ្វីលីព (Jean Philippe BRUN) ប្រធានអង្គការសហគមន៍បឹងទន្លេសាបនៃប្រទេសបារាំង ប្រធានមន្ទីរ អង្គភាព អាជ្ញាធរឃុំ ស្រុកប្រាសាទបល្ល័ង្ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក នួន ផារ័ត្ន បានថ្លែងអំណរគុណម្ចាស់ជំនួយ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានកៀរគររកថវិកាពីសប្បុរសជនក្នុងបុព្វហេតុជួយដល់កុមារ និងយុវជនកម្ពុជានៅតាមតំបន់ជួបការលំបាក និងដាច់ស្រយាលស្របតាម ផែនការសកម្មភាពគន្លឹះកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយគោលនយោបាយជាតិអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានមនុស្ស-ផ្លូវ-ទឹក-ភ្លើង និងបច្ចេកវិទ្យា ដែលនៅតែបន្តចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាព។

លោកបញ្ជាក់ថា កត្តាធំៗ៥យ៉ាង រួមមាន៖ កត្តាសិស្សខ្លួនឯង, កត្តាគ្រូបង្រៀន, កត្តាសាលារៀន, កត្តាការចូលរួមរបស់មាតាបិតាអាណាព្យាបាល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ និងជំរុញការសិក្សា អប់រំរបស់កុមារា កុមារីនៅផ្ទះ និងកត្តាចូលរួមពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនកាន់តែឆាប់រហ័ស។

កត្តាទាំង៥នេះជាកម្លាំងជំរុញឲ្យការអភិវឌ្ឍធនធានមនុស្សកាន់តែរីកលូតលាស់ ដូច្នេះក្មយៗជាសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ។

លោក ហ្សង់ ហ្វីលីព ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង បានថ្លែងថា អស់រយៈពេលជាង១២ឆ្នាំមកហើយ ដែលអង្គការសហគមន៍បឹងទន្លេសាប ដំណើរការការងាររបស់ខ្លួនក្នុងការប្រមូលផ្តុំគ្នា ក្នុងគោលបំណងក្រុមធំមួយ គឺជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ ឬ កែជុសជុលសាលារៀន បានសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ធ្វើឱ្យប្រទេសកម្ពុជាសម្បូរទៅដោយ ធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើន ។

សូមបញ្ជាក់ថា អគារសិក្សាដែលត្រូវសម្ពោធនិងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ មានបណ្តោយ ២៧ម៉ែត្រ ទទឹង០៨ម៉ែត្រ កម្ពស់០៣ម៉ែត្រ មាន០៣បន្ទប់ ដំបូលប្រក់ក្បឿង ចំណាយទឹកប្រាក់អស់ ៤៤.០០០ដុល្លារ៕