(ភ្នំពេញ)៖ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស បានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមានធម៌សណ្តោសប្រណីខ្ពស់។ លោកបានចាត់ទុកថា នយោបាយសណ្តោសរបស់សម្តេចតេជោ បាននាំឱ្យមានការរួបរួមនៅកម្ពុជា។
លោក សម សេរី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ដែលបានលើកលែងទោសដល់រូបខ្ញុំ ឲ្យមានសិទ្ធិសេរីភាព ត្រលប់មកប្រទេសកម្ពុជាវិញ។ នេះជាគុណធម៌ខ្ពស់ណាស់។ បើសិនលោកមិនមែនការសណ្តោសប្រណី បើលោកមិនស្រលាញ់ប្រទេសជាតិ គឺលោកមិនអាចលើកលែងទោសដល់ខ្ញុំ ហើយខ្ញុំមិនអាចអង្គុយនៅទីនេះបានទេ។ ដោយសារក្តីសណ្តោសនៃទឹកចិត្តរបស់លោកនេះហើយ បានមានសិទ្ធិសេរីភាពមកអង្គុយទីនេះ។ អីចឹង នៅក្នុងសមរភូមិនយោបាយរបស់គាត់ គាត់មានការតស៊ូ តាំងពីសង្គ្រាម រហូតដល់មានសន្តិភាព។ (សន្តិភាពនេះ) នៅក្រោមស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន»។
លោក សម សេរី បានបន្តថា «ខ្ញុំនិយាយនេះ ចង់ឲ្យខ្មែររួបរួមសាមគ្គីគ្នា ខ្មែរតែមួយ។ អីចឹង យើងត្រូវតែផ្តល់តម្លៃ ការគោរពដល់គាត់ ព្រោះគាត់ដូចជាព្រឹទ្ធាចារ្យ»។
បើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ សំភិន ហៅ ស ធម្មរង្សី ហៅ សាភិន ហៅ សម នីរ័ត្ន ហៅ ស សរី ភេទប្រុស កើតឆ្នាំ១៩៨០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន ៦ករណី។
សូមជម្រាបថា លោក សម សេរី បានប្រកាសរំលាយ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
លោក សម សេរី គឺជាមេដឹកនាំក្រុមមួយដែលរស់នៅក្រៅប្រទេស ហើយតែងតែធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលខ្មែរ ជាច្រើនឆ្នាំកន្លងមក។ នាពេលកន្លងទៅក្រុមរបស់លោក សម សេរី មួយចំនួនក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប៉ុនប៉ងធ្វើភេរវកម្មផងដែរ៕