(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានបង្ហាញការយល់ឃើញដូចគ្នាថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន មកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៧-១៨ ខែមេសា កន្លងទៅ គឺមានអត្ថន័យប្រៀបដូចជា ផ្ដល់នូវកាដូរជាច្រើន និងមហាសាល ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកបណ្ឌិត និងលោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោក ម៉ារ យ៉ារិទ្ធិ ជាទម្លាប់ទូទៅប្រជាពលរដ្ឋខ្មែរតែងតែជូនកាដូរ ផ្សេងៗដល់មនុស្សជាទីស្រលាញ់រាប់អាន និងទៅលេងបងប្អូន សាច់ញាតិ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីអបអរសាទរ និងនាំមកនូវសិរីសួស្ដីឱ្យគ្នាទៅវិញទៅមក។ ខណៈលោកបណ្ឌិត យង់ ពៅ បានបន្ថែមថា ការជ្រើសរើសថ្ងៃទី១៧ ខែមេសា ជាថ្ងៃឆាប់ផ្ដើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា មិនមែនជាការកំណត់តែមួយភាគីណាឡើយ ប៉ុន្តែត្រូវធ្វើឡើងដោយមានការឯកភាពគ្នាទាំង៤ភាគី ដែលប្រធានរដ្ឋចិន ត្រូវបំពេញទស្សនកិច្ច។
ហើយស្របពេលដែលចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា កម្ពុជាកំពុងជាប់រវល់ពីធីបុណ្យចូលឆ្នាំថ្មីផងនោះ ទើបធ្វើឱ្យការជ្រើសរើសយកថ្ងៃទី១៧-១៨ ខែមេសា ជាពេលវេលាដ៏ល្អបំផុត ហើយក៏មានន័យនឹងការមកចូលរួមប្រសិទ្ធពរជ័យ សិរីសួស្ដី ដែលនាំនូវកិច្ចព្រមព្រៀងជាច្រើន ដែលប្រៀបដូចជា កាដូរដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កម្ពុជា នាឱកាសឆ្នាំថ្មីនេះផងដែរ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖