(កំពត)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពត បានចូលរួមអបអរសាទរពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

កំពង់ផែទេសចរណ៍នេះ គឺជាកំពង់ផែទេសចរណ៍សមុទ្រទី ១ សម្រាប់អនុញ្ញាត ឱ្យតែនាវាដែលដឹកអ្នកដំណើរ ឬភ្ញៀវទេសចរប៉ុណ្ណោះចូល-ចេញ និងត្រូវចាត់ទុកជាច្រកទ្វារទេសចរណ៍អន្តរជាតិផ្លូវសមុទ្រមួយសំខាន់ ដែលនឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្ដាប្រទេសនានាមកកាន់កម្ពុជា ។

ជាងនេះទៀត, កំពង់ផែទេសចរណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅខេត្តកំពត ក៏ដូចជាបណ្ដាខេត្តជុំវិញ និងក្រុមហ៊ុនជាដៃគូសហការរបស់កំពង់ផែ តាមរយៈការទទួលបានឱកាសការងារ ការលើកកម្ពស់សកម្មភាពអាជីវកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្នុងតំបន់ភូមិសាស្ត្រនេះ ដូចជា ផ្លូវថ្នល់ថ្មី ប្រព័ន្ធទឹកស្អាត និង បណ្ដាញអគ្គិសនី ជាដើម ហើយជាពិសេស ការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា៕