(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល, ក្រសួងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍ មុនពេលប្រឈម ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ នៅត្រីមាសទី ១ ឆ្នាំ ២០២៥។

ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។

«យើងរំរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៃប្រទេសកម្ពុជា ឱ្យថយចុះបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ៕