(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព។ ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ហើយចំពោះវិស័យឧស្សាហកម្មធន់ធ្ងន់នៅកម្ពុជា ជាពិសេសវិស័យរថយន្តនេះផង ការសង្កេតការប្រើប្រាស់រថយន្តអគ្គិសនី EVនៅកម្ពុជា ក៏មានកំណើនគួរឱ្យកត់សម្គាល់ យ៉ាងណាមិញការប្រើប្រាស់ភាគច្រើននៅតែទីក្រុង និងទីប្រជុំជន ដែលអាចបណ្ដាលមកពីស្ថានីបញ្ចូលអគ្គិសនីនៅតាមខេត្ត នៅមានកម្រិត។ […] សូមឱ្យក្រសួងតែនិងថាមពលពិនិត្យមើល ជាមួយក្រុមហ៊ុនឯកជនពិនិត្យមើលការពង្រាយឱ្យបានច្រើន ដើម្បីលើកទឹកចិត្ត។ […] ប៉ុន្តែសូមឱ្យគិតគូរអំពីស្តង់ដារសុវត្ថិភាព និងគុណភាព ត្រូវធានាឱ្យបាន ព្រោះ EV ធ្វើមិនស្រួលឆេះ។ អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ ហើយសូមឱ្យវិស័យឯកជនទាំងអស់គិតគូរបែបនេះ សូមឱ្យគ្រប់គ្រងឱ្យបានធ្វើកិច្ចការងារនេះ យើងដើរយឺតបន្តិច ប៉ុន្តែដោយមានភាពច្បាស់លាស់ទើបដើរឆ្ងាយ ហើយបើមានបញ្ហាធ្វើឱ្យបាត់ទំនុកចិត្តទាំងអស់ ស្តង់ដារបច្ចេកទេសនេះគឺប្រយ័ត្នប្រយែង។ សូមឱ្យពិនិត្យមើលស្តង់ដារសុវត្ថិភាព គឺជារឿងសំខាន់»

ជាមួយគ្នានេះសម្ដេចបានសង្កត់ន័យធ្ងន់ថា អំពីការត្រួតពិនិត្យបច្ចេកទេស ឱ្យបានច្បាស់លាស់ ព្រោះមានករណីឆេះរថយន្ត កែច្នៃ ពីប្រេងសាំងមកហ្គាស់រួចហើយនៅលើដងផ្លូវ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកបើកបរផ្ទាល់ ក៏ដូចជាអ្នកនៅលើដងផ្លូវជាមួយគ្នាផងដែរ។ ដូច្នេះពាក្យថា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ប្រយ័ត្នប្រយែង និងត្រូវតែពិនិត្យមើលស្តង់ដារសុវត្ថិភាព ឱ្យបានច្បាស់លាស់ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី ប្រើប្រាស់ម្ដងហើយម្ដងទៀត នៅក្នុងសន្ទរកថារបស់សម្ដេច ក្នុងការណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់ ជូនដល់ពលរដ្ឋប្រើប្រាស់៕