(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបានថ្លែងព្រមានដល់ក្រុមជនល្មើសព្រៃឈើ និងនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។ ចំពោះជនល្មើសប្រើហិង្សាលើកងកម្លាំង សម្តេចអនុញ្ញាតឱ្យកងកម្លាំងប្រើវិធានការការពារខ្លួនបាន ហើយសម្តេចជាអ្នកទទួលខុសត្រូវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «(ទី១) ខ្ញុំឲ្យគោលការណ៍ទៅ អគ្គបញ្ជាការ មេបញ្ជាការភូមិភាគ ពេលដែលចុះទៅ ត្រូវតែជាសមូហភាព ជាមួយគណៈបញ្ជាការឯកភាព ត្រូវនិយាយគ្នា បែងចែកគ្នា ទោះធ្វើអ្វីក៏ដោយ។ ទី២ ត្រូវកំណត់ឲ្យច្បាស់ថាជាប្រជាពលរដ្ឋ ថាយើងបង្ក្រាបត្រូវឬទេ ឬក៏ខុស។ ប្រជាពលរដ្ឋ យើងត្រូវឲ្យគាត់ប្រកបរបរចិញ្ចឹមជីវិត ស្របទៅតាមច្បាប់»។
សម្តេចបានបន្តថា «ពេលខ្លះមានការប្រើប្រាស់ឧបករណ៍ឆក់ត្រី ហេតុនេះកងកម្លាំងប្រដាប់អាវុធរបស់យើងត្រូវមានភាពម៉ឺងម៉ាត់។ អ្នកខ្លះចង់រហូតដល់ដេញបាញ់កងកម្លាំងទៅទៀត។ អ្នកខ្លះឈានដល់ការចង់បើកបុកសម្លាប់។ កងកម្លាំងប្រដាប់អាវុធ មានសិទ្ធិការពារខ្លួន។ យើងអនុវត្ត យើងមិនប្រើអំពើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែ បើមានការបាញ់ប្រហារមកលើកងទ័ព ឬក៏មានចេតនា ធ្វើសកម្មភាពឲ្យមានគ្រោះថ្នាក់ណាមួយ កងទ័ព និងកងកម្លាំងប្រដាប់អាវុធ មានសិទ្ធិការពារខ្លួន។ ខ្ញុំនិយាយឲ្យច្បាស់ ព្រោះប្រជាជនគ្មានកាំភ្លើងទេ។ អ្នកប្រព្រឹត្តិខុស កុំចង់សាកយកកាំភ្លើងបាញ់កងកម្លាំង កុំយកទូកចង់បុកកងកម្លាំងពន្លិចនៅកណ្តាលទន្លេ»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹករឿងផ្ទុះអាវុធជាច្រើនគ្រាប់រវាងក្រុមជនល្មើសបរបាញ់សត្វព្រៃ និងមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីពេលថ្មីនេះ។ បើតាមក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៨ ក៏មានហេតុការណ៍ផ្ទុះអាវុធរបស់ក្រុមជនល្មើសបរបាញ់សត្វព្រៃ ហើយបណ្តាលឱ្យមន្ត្រីឧទ្យានុរក្ស៣រូប បានស្លាប់បាត់បង់ជីវិតផងដែរ។
នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងអនុវត្តន៍ដោយម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារធនធានធម្មជាតិ រួមទាំងដីព្រៃ និងត្រីក្នុងបឹងទន្លេសាប។ សម្តេច ក៏បានបង្ហើបពីការធ្វើច្បាប់ឡើងវិញ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍នេសាទ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាការពារធនធានមច្ឆជាតិ ដោយបញ្ឈប់ការនេសាទល្មើសច្បាប់ ព្រោះមានត្រីច្រើន តម្លៃថោក ប្រសើរជាងអត់មានត្រី ហើយតម្លៃថ្លៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា ដើម្បីបម្រើដល់កិច្ចអភិវឌ្ឍ មិនអាចចៀសផុតពីការប្រើប្រាស់ធនធានធម្មជាតិ ដូចជាការប្រើខ្សាច់ និងថ្មភ្នំជាដើម ប៉ុន្តែត្រូវតែគ្រប់គ្រង និងកំណត់ការប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីធានាបានការអភិវឌ្ឍដោយចីរភាព៕
ម៉ោងយូធូប ៩៖៤៧៖០៣ ដល់ ៩៖៥៩៖១១