(វ៉ាស៊ីនតោន)៖ បុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ប្រមាណ ៤០នាក់ ដែលក្នុងនោះរួមមានជនជាតិខ្មែរ២នាក់ផងដែរ កំពុងប្រឈមមុខ នឹងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីទិដ្ឋាការការងាររបស់ពួកគេនៅសហរដ្ឋអាមេរិក នឹងអស់សុពលភាពឆាប់ៗនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP ក្នុងសប្តាហ៍នេះបានឲ្យដឹងថា បុគ្គលិកវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ២នាក់ ដែល ប្រឈមនឹងការបញ្ជួនវិលត្រឡប់មកកម្ពុជាវិញ រួមមានឈ្មោះ ហ៊ុំ ហួរ ឬ ហ៊ុំ ចំរើន និងម្នាក់ ទៀតឈ្មោះ ថា វុទ្ធី ឬ ប្រាជ្ញ ចេវ។ បុគ្គលិកខ្មែរទាំង២នាក់នេះ ធ្លាប់បានរស់នៅក្នុងប្រទេសថៃ រយៈពេល៧ឆ្នាំ មុនពេលធ្វើដំណើរទៅធ្វើការនៅសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌនៃទិដ្ឋាការបំរើការ Work Visa តែប៉ុណ្ណោះ។

បុគ្គលិកខ្មែរទាំង២នាក់នេះ គឺជាបុគ្គលិកបរទេស ដែលត្រូវបានគេកាត់ចេញដំបូងពីចំនួន៧៥% នៃចំនួនបុគ្គលិកទាំងមូលរបស់វិទ្យុអាស៊ីសេរី ដែលមាន៩ភាសា ចាប់តាំងពីស្ថានីយ៍វិទ្យុ RFA ដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊្ហីនតោន ឌីស៊ី នេះ ចាប់បើកដំណើរការកាលពីឆ្នាំ១៩៩៦នោះមក។

បុគ្គលិកវិទ្យុអាស៊ីសេរីប្រមាណ៤០នាក់ ដែលត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ចេញបទបញ្ជាឱ្យរំលាយតាំងពីខែមីនា ឆ្នាំ២០២៥មកនោះ រួមមានជនជាតិចិន វៀតណាម និងខ្មែរ ដែលកំពុងស្ថិតក្នុងស្ថានភាពត្រូវបញ្ឈប់ពីការងារ ហើយពួកគេមានពេលត្រឹមតែ៦០ថ្ងៃប៉ុណ្ណោះ ដើម្បីស្វែងរកការងារថ្មីដែលអាចធានាបន្តទិដ្ឋាការបាន បើពុំដូច្នោះទេនឹងត្រូវបណ្តេញពីសហរដ្ឋអាមេរិក។

កាលពីខែមីនា ឆ្នាំ២០២៥ វិទ្យុអាស៊ីសេរី (RFA) បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋធានីវ៉ាស៊ីនតោន ប្រឆាំងនឹងការកាត់ផ្តាច់ជំនួយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនទាន់ចាត់ការលើបណ្ដឹងនេះនៅឡើយទេ។

ប្រសិនបើតុលាការសហរដ្ឋអាមេរិក មិនចាត់វិធានការការពារវិទ្យុអាស៊ីសេរីទាន់ពេលវេលានោះទេ វិទ្យុអាស៊ីសេរីដែលមាន៩ភាសារួមមានភាសាចិន កុងងឺ (Mandarin), ចិនកន្តាំង, ទីបេត៍, អ៊ុយហ្គើរ, ភូមា, វៀតណាម, ឡាវ, កម្ពុជា និងកូរ៉េខាងជើង នឹងត្រូវបិទទាំងស្រុងនា ចុងខែមេសានេះ៕