(កោះកុង)៖ អាជ្ញាធរក្រុងខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋានសង្កាត់ដងទង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកជញ្ជូនទឹកស្អាតចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ស្ថិតនៅភូមិ៤ សង្កាតដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងសង្កាត់ដងទង់ មានប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងប្រឈម និងការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃដែលពុំមានទឹកប្រើប្រាស់។

ពលរដ្ឋបានបន្តថា ក្នុងរយៈពេល២ថ្ងៃនេះ អាជ្ញាធរបានដឹកជញ្ជូនទឹកចែកជូនប្រជាពលឲ្យប្រើប្រាស់ ដោះស្រាយក្នុងជីវភាពជាបណ្តោះអាសន្ន ទោះបីប្រើប្រាស់មិនគ្រប់គ្រាន់ ក៏ត្រូវចេះសន្សំសំចៃទំរាំមានទឹកស្អាត ប្រើប្រាស់ឡើងវិញ។ ក្នុងនោះ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ និងភាគីខាងក្រុមហ៊ុនផលិតទឹកស្អាត ធ្វើយ៉ាងឲ្យមានទឹកប្រើប្រាស់ឲ្យឆាប់ៗផង ព្រោះនៅតំបន់មានសមុទ្រពុំអាចជីអណ្តូងទឹកបានទេ ដោយសារតំបន់ជាប់មាត់សមុទ្រមានរស់ជាតិប្រៃ មិនប្រើប្រាស់ឡើយ។

លោក សៀង កក្កដា អភិបាលរងក្រុង បានលើកឡើងថា អាជ្ញាធរខេត្ត ក្រុង រួមជាមួយមន្ទីរដែលជាប់ពាក់ព័ន្ធកំពុងព្យាយាមទាក់ទងទៅក្រុមហ៊ុននផលិតទឹកស្អាតរកវិធីណា ដើម្បីឲ្យមានទឹកស្អាតជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ ឡើងវិញក្នុងពេលឆាប់ៗនេះ។ លោកបានបន្តថា បើក្រុមហ៊ុនពុំទាន់មានទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នោះទេ អាជ្ញាធរនៅតែបន្តដឹកជញ្ជូនជាបន្តបន្ទាប់បន្ថែមទៀត មិនឲ្យពលរដ្ឋគ្មានទឹកប្រើប្រាស់នោះឡើយ៕