(កំពង់ស្ពឺ)៖ គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលបានជំរុញការដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសនិយាយជារួម ដោយឡែកខេត្តកំពង់ស្ពឺ ជាទឹកដីប្រឈមមុខដាក់គ្នាដោយចុងអាវុធ បានប្រែមកជាខេត្តប្រកបដោយសក្តានុពល ក្រោមការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងការបន្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ បានចែកចំនួនជិត៦ម៉ឺនប័ណ្ណជូនប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសសើរចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ ព្រមទាំងមន្ត្រីសុរិយោដី នៃក្រុមការងារចុះវាស់វែងជាប្រព័ន្ធទាំង១២ក្រុម របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ខេត្តកំពង់ស្ពឺ និងក្រុមការងារជួយគាំទ្រទាំង៩ក្រុម របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ដែលបានប្រឹងប្រែងខិតខំបំពេញភារកិច្ច ចុះវាស់វែងជាប្រព័ន្ធ រួមទាំងការដោះស្រាយវិវាទដីធ្លីក្រៅ ប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទកាន់តែមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ សំដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ពេលនេះប្រជាពលរដ្ឋទទួលបានការគ្រប់គ្រងដីដោយស្របច្បាប់ និងលែងមានបញ្ហាក្រោយទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នេះ ក្រោមការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគរូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យការងារ កែទម្រង់ដីធ្លី តាមរយៈការចុះបញ្ជីដីធ្លី ការពង្រឹងអនុវត្តច្បាប់ស្តីពីសំណង់ គោលនយោបាយ សម្បទានដីសង្គមកិច្ច គោលនយោបាយជាតិស្តីពីលំនៅឋាន ការការពារការគ្រប់គ្រង ការប្រើប្រាស់ដី និងជំរុញការចុះបញ្ជីលក្ខៈជាប្រព័ន្ធនេះ៕