(ភ្នំពេញ)៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រ ទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ។
* ប្រវត្តិរូបសង្ខេបរបស់លោកស្រី ផែផងថាន
កើតនៅឆ្នាំ១៩៨៦ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺជាកូនស្រីពៅ នៅក្នុងចំណោមកូន ៣នាក់របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។ លោកស្រីបានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) មុននឹងបន្ត ហើយបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ មកពីសាកលវិទ្យាល័យ Surrey (Surrey University) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ លោកស្រី ផែថងថាន ដែលមានឈ្មោះហៅក្រៅ Ung-Ing ត្រូវបានគេចាត់ទុកជាសហគ្រិន ជាស្ត្រីដ៏ជោគជ័យម្នាក់។ ក្រោយបញ្ចប់ការសិក្សានៅអង់គ្លេស អ្នកស្រីបានត្រឡប់មកជួយដឹកនាំកិច្ចការរកស៊ីរបស់គ្រួសារ។
លោកស្រីបានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន SC Asset Corporation Public Company Limited និងជាក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thaicom Foundation។ លោកស្រីក៏មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះរួមមានសណ្ឋាគារ Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails ហើយគិតជាសរុបអ្នកស្រីមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនចំនួន២១។
លោកស្រី ផែថងថាន បានប្រឡូកចូលនយោបាយជាផ្លូវការក្នុងអាយុ៣៦ឆ្នាំ និងត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ហើយ បានក្លាយជា មេដឹកនាំគណបក្សមួយនេះកាលពីខែតុលា ឆ្នាំ២០២៣។ ក្រោយមកទៀត នៅខែសីហា ឆ្នាំ២០២៤ លោកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រថៃ បន្ទាប់ពី អតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង។
លោកស្រីជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ជាមួយលោកស្រី Khunying Potjaman Damapong។ លោកស្រី ផែថងថាន បានរៀបការជាមួយលោក Pidok Sooksawas ជាពីឡុតបើកយន្ដហោះអាកាសចរណ៍ ស៊ីវិល និងមានកូន២នាក់៕