(ខេត្តពោធិ៍សាត់)៖ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានអញ្ជើញចុះ ពិនិត្យការងារ កាយសម្អាតបាតអាងសាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ ស្ថិតលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ១២% ។
នៅក្នុងឱកាសចុះត្រួត ពិនិត្យការងារនេះដែរ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់បម្រើដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ការប្រើប្រាស់ប្រចាំថ្ងៃ និង ការប្រើប្រាស់លើគ្រប់វិស័យ។
សូមជម្រាបថា ទំនប់អាងទឹកលេខ២ មានផ្ទៃអាងទំហំ ៤០១៦ហិកតាអាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីប្រមាណ២៦២,៥០០ហិកតា។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១.ទំនប់ដីប្រវែង ៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ ១០ម៉ែត្រ, ទី២.ទំនប់បង្ហៀរមួយកន្លែងប្រវែង ២៨១ម៉ែត្រ មានប្រវែងរំហូរទឹក ១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើប្រវែង ១៦៥ម៉ែត្រ និងមានទទឹង ១០ម៉ែត្រ មានលូបញ្ចេញទឹក២កន្លែង មុខកាត់ ១,២ម៉ែត្រ ប្រវែង ២៤៨,៥០ម៉ែត្រ, ទី៣.សាងសង់ផ្លូវត្រីមួយកន្លែងមានប្រវែងទទឹង ២,៩ម៉ែត្រ បណ្តោយប្រវែង ១៦៥២ម៉ែត្រ, ទី៤.អគារសហគមន៍មួយ និង រោងម៉ាស៊ីនភ្លើង ១កន្លែង, ទី៥.រៀបថ្មជើងទេរមុខក្រោយប្រវែង ១គីឡូម៉ែត្រ ទី៦.សាងសង់ផ្លូវបេតុងចូលទៅសំណង់ប្រវែង ១១,៥៥គីឡូម៉ែត្រ និងទទឹង ៨ម៉ែត្រ និងទី៧.សាងសង់សំណង់សិល្បការ្យតាមផ្លូវចំនួន ៥០កន្លែង៕