(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចមហា​បវរ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ​នាយ​ឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizud​deain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍មេបញ្ជាការ បានកោតសរសើរ​កម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោកក៏​បាន​បង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លាស​​​វៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី កម្ពុជា​នឹង​បន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការ​អភិវឌ្ឍ ​និងរីកចម្រេីនផងដែរ។

លោកមេបញ្ជាការ បានគោរពរាយការណ៍ជូនសម្តេចមហាបវរធិបតី អំពី​លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួប​ពិភាក្សាការងាររបស់​លោក ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះ​ការរីក​ចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេស​កិច្ច​សហ​ប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

លោកមេបញ្ជាការ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​នេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់​ និង​ការសិក្សារៀនសូត្រ​ទៅវិញ​ទៅមក​ រវាងកងទ័ពនៃប្រទេសទាំង​ពីរ។​ លោកក៏បានគូសបញ្ជាក់ដែរថា​ កងទ័ពម៉ាឡេស៊ី មានបំណង​ចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា​ ចំពោះកង​ទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោស​សម្អាត​មីន។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងក្តីរីករាយ​ចំពោះ​ការ​រីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និង​ជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ព​នៃ​ប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់​ ជាពិសេសលើការបណ្តុះបណ្តាល, លំហាត់ស្តីពីការ​សង្គ្រោះ​គ្រោះមហន្តរាយ, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែក​រំលែក​បទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាព​ឱ្យ​កាន់​តែជិតស្និទ្ធថែមទៀត។

សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ៕