(ហ្សាការតា)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានស្វាគមន៍ និងជួបពិភាក្សាការងារជាមួយលោក Lars Løkke Rasmussen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក។ នៅក្នុងជំនួបទ្វេភាគី ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការស្វែងរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន ជាមួយដាណឺម៉ាក ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងនៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។
នៅព្រឹកថ្ងៃដដែល នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី, លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់របស់ម៉ាឡេស៊ី នាឱកាសនៃពិធីចាប់ផ្តើមជាផ្លូវការនៃព្រឹត្តិការណ៍ ASEAN Unity Drive 2025 ដែលបានប្រព្រឹត្តទៅនៅស្ថានទូតម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងចល័តភាពប្រកបដោយចីរភាព ការតភ្ជាប់តំបន់ និងការអភិវឌ្ឍប្រកបដោយបរិយាប័្នន នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៥នេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញនវានុវត្តន៍ និរន្តភាព និងសាមគ្គីភាពនៅទូទាំងតំបន់។ ការពិភាក្សាផ្លាស់ប្តូរទស្សនៈដោយភាពស្និទ្ធស្នាលនេះ បញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរួមចំពោះការកសាងអាស៊ានមួយដែលកាន់តែខ្លាំង កាន់តែមានភាពបៃតងជាងមុន ហើយកាន់តែមានភាពធន់។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីចាប់ផ្តើមជាផ្លូវការនៃ ASEAN Unity Drive 2025 ដែលបានប្រព្រឹត្តទៅនៅស្ថានទូតម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមានរបស់លោក Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់របស់ម៉ាឡេស៊ី។ គំនិតផ្តួចផើមប្រកបដោយអត្ថន័យនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់អាស៊ាន ចំពោះចល័តភាពដោយចីរភាព នវានុវត្តបៃតង និងសមាហរណកម្មតំបន់។
គំនិតផ្តួចផ្តើមនេះ ក៏ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ដោយគាំទ្រកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័្នន និងសំឡឹងទៅខាងមុខ នៅទូទាំងតំបន់។ កម្មវិធី ASEAN Unity Drive 2025 នេះនឹងធ្វើដំណើរជុំវិញប្រទេសសមាជិកអាស៊ាន ដោយបង្ហាញពីការធ្វើដំណើររួម ឆ្ពោះទៅរកអាស៊ានមួយ ដែលកាន់តែមានភាពបៃតង កាន់តែតភ្ជាប់គ្នា ហើយត្រៀមខ្លួនរួចរាល់សម្រាប់អនាគត។
ដោយឡែកនៅនៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Umesh Pandey តំណាងពាណិជ្ជកម្មរបស់ថៃ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញបញ្ហាលេចឡើងថ្មីៗ ស្តីពីពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក រួមទាំង គោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់មកលើគម្រោងពាណិជ្ជកម្ម និងវិនិយោគនៅក្នុងអាស៊ាន។
បន្ថែមពីនេះលោកបណ្ឌិត កៅ គឹមហួន បានស្វាគមន៍ និងជួបពិភាក្សាការងារជាមួយលោក Margus Tsahkna រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអេស្តូនី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានចែករំលែកទស្សនៈជុំវិញការពង្រឹងទំនាក់ទំនងអាស៊ាន ជាមួយអេស្តូនី នៅក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន ជាមួយសហភាពអឺរ៉ុប៕