(កោះកុង)៖ ពលរដ្ឋខេត្តកោះកុងពីរនាក់ប្តី-ប្រពន្ធ បានស្លាប់បាត់បង់​ជីវិតព្រោះដើមសំរងដែលពួកគេកាប់រើសផ្លែនោះ ដួលរលំសង្កត់ពី​លើ។

លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាល​ស្រុកបូទុម​សាគរ បានឱ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះថា ពលរដ្ឋពីរនាក់ប្តីប្រពន្ធដែលស្លាប់ដោយសារការកាប់ដើមសំរងយកផ្លែ បុរសជាប្តីមានឈ្មោះ ឪ រិទ្ធ អាយុ ៣៧ឆ្នាំ និងស្រ្តីជា​ប្រពន្ធមាន​ឈ្មោះ យ៉ាន់ សំភស់ អាយុ ៤១ឆ្នាំ។ ប្តីប្រពន្ធដែលដើមសំរងដួល​រលំ​សង្កត់បណ្តាលឱ្យស្លាប់នេះ មានលំនៅឋានក្នុងភូមិជីត្រេះ ឃុំអណ្ដូង​ទឹក ស្រុកបូទុមសាគរ។

លោកអធិការនគបាលស្រុកបូទុមសាគរ បន្តទៀតថា ពីរនាក់​ប្តីប្រពន្ធ​ខាងលើនេះ បានចេញពីផ្ទះចូលព្រៃទៅកាប់កាប់ដើមសំរង​នៅ​ចំណុច​​ភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុម​សាគរ។ លុះដល់ពេលយប់មិនឃើញត្រឡប់មកផ្ទះវិញ សាច់ញាតិ​ក្រុមគ្រួសារ ក៏បានហៅទូរស័ព្ធចូលតែគ្មានអ្នកលើ។

លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមគ្រួសារបានដើររកនៅ​ចំណុចខាងលើរកមិនឃើញមនុស្ស ឃើញតែម៉ូតូ។ បន្ទាប់មកទៀត​នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០៖៤៥នាទី ក្រុម​គ្រួសារ​បានដើររកនៅចំណុចដដែលម្ដងទៀត ក៏បានឃើញជន​រង​គ្រោះទាំងពីរនាក់ ត្រូវដើមសំរងបាក់សង្កត់ស្លាប់នៅកន្លែងកើត​ហេតុ​ទើប​រាយការណ៍មកអាជ្ញាធរ ភូមិឃុំចុះទៅដល់កន្លែងកើតហេតុ​។

សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ​បានស្លាប់ អំឡុងពេលកំពុងរើសផ្លែសំរងក្រោមដើម​ ដែលពួកគាត់​បាន​កាប់​ទុកចោលមួយដើមទៀត ដោយវាបាក់ជាប់វល្លិ៍ឈើ។ ស្រាប់​ពេលកំពុងរើសដើមសំរង ដើមដែលកាប់ទុកចោលនោះ ដួល​រលំ​​សង្កត់ទាំងពីរនាក់ប្តីប្រពន្ធតែម្តង។

ក្រោយពិនិត្យសាកសពរួច កម្លាំងជំនាញអធិការដ្ឋាន គ្រូពេទ្យ​មណ្ឌល​សុខភាពអណ្ដូងទឹក និងអាជ្ញាធរភូមិ-ឃុំ បានប្រគល់សាក​សពទាំងពីរនាក់ប្រពន្ធប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ ក្នុងខេត្តកោះកុង មាន​ករណី​កាប់ដើមសំរងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្ស​ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់ និងរបួស២នាក់

ប្រជាពលរដ្ឋដែលអាស្រ័យផលពីអនុផលព្រៃឈើ តែងនាំគ្នារើសផ្លែ​សំរងទៅលក់ត្បិតមានតម្លៃខ្ពស់គួរសម។ ដោយសារតែដើមសំរង​ខ្ពស់ៗមានពលរដ្ឋខ្លះជ្រើសយកវិធីកាប់រំលំដើមសំរងដើម្បីប្រមូលយកផ្លែ។

កន្លងទៅក្រសួងបរិស្ថាន តែងបានអំពាវនាវដល់អ្នករកផ្លែសំរងទៅ​លក់នោះ កុំជ្រើសយកវិធីកាប់រំលំដើមសំរងដើម្បីប្រមូលផល ព្រោះ​ធ្វើឱ្យដើមសំរងប្រឈមនឹងការផុតរលត់ពីក្នុងព្រៃរបស់កម្ពុជា។ ដើម្បី​ទប់ស្កាត់នូវសកម្មភាពនេះ ក្រសួង ក៏បានធ្វើសកម្មភាព​ផ្សព្វផ្សាយ​​ដល់ប្រជាពលរដ្ឋនៅតាមតំបន់ដែលមានដើមសំរងផងដែរ។

បើទោះបីជាយ៉ាងណា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍អកុសលខាងលើ ព្រមទាំងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការកាប់រំលំដើមសំរងប្រមូលផ្លែ ព្រោះធ្វើឱ្យដើមសំរងផុត ហើយប្រឈមគ្រោះថ្នាក់ដូចករណីខាងលើនេះ៕