(ភ្នំពេញ)៖ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការងារនៃព្រះរាជាណាចក្រថៃទ្បង់ដ៍ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដើម្បីបើកកិច្ចពិភាក្សាការងារស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលរៀបចំធ្វើនៅទីស្តីការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ សេង សក្តា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍។ កិច្ចសហការនាពេលកន្លងមកបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងថៃ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នៅពេលនេះក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សាការងារ ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ។ លោកបានជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នៅពេលនេះនឹងទទួលបានលទ្ធផលផ្លែផ្កា ក្រោមស្មារតីមិត្តភាពដ៏ស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់វិស័យការងាររវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចគាំពារសិទ្ធិដល់ពលករទេសន្តរប្រវេសន៍ ផងដែរ។
ទន្ទឹមនេះ លោក Somchai Morakotsariwan អគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានគូសបញ្ជាក់ពី កិច្ចសហការយ៉ាងល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរលើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍នាពេលកន្លងមក។ ក្រសួងការងារថៃ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីភាគីកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដែលជាសេនាធិការ។
លោក Somchai Morakotsariwan ជឿជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នឹងទទួលបានធាតុចូលសំខាន់ៗ ជាច្រើន ក្នុងការកែសម្រួលនីតិវីធីមួយចំនួន ដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍៕