(ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកស្បៀងអាហារ សម្ភារៈ និងថវិកាថវិកាចំនួន ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់បម្រើឱ្យការងារមនុស្សធម៌។

ថ្លែងនៅក្នុងឱកាសនេះលោក យូ ឡាណា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងកោតសរសើរ ពីការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត បានឆាប់រហ័សនិងទាន់ពេលវេលា។

លោកថ្លែងបានបន្តថា បច្ចុប្បន្ននេះ ពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមនឹងវិបត្តិអាកាសធាតុ រួមមាន ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។នៅក្នុងត្រីមាសទី១នេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុង និងស្ថានភាពភ្លៀងកក់ខែ បានធ្វើឱ្យប៉ះពាល់ជិត២០ខេត្ត និង លំនៅដ្ឋានប្រជាជនជាង ២,៥០០ខ្នង ហើយក្រៅពីនេះ បញ្ហាខ្យល់ពុល មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទាំងនៅទីស្នាក់ការកណ្តាល និងសាខាទាំង២៥ រាជធាន-ខេត្ត បានធ្វើការឆ្លើយតបយ៉ាងសកម្មជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ វិបត្តិភ័យនានានៅទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​បានសម្រេចផ្តល់ស្បៀង សម្ភារៈ សម្រាប់៥០០គ្រួសារ និងថវិកា ៥០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើម្បីត្រៀមបង្ការពេលមានគ្រោះមហន្តរាយនៅក្នុងរដូវវស្សាខាងមុខនេះ និងបន្តដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាលនិងសាខា និងចុះសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ចំនួន១០០គ្រួសារនៅស្រុកជាំក្សាន្តផងដែរ។

លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិននរណាម្នាក់ចោលឡើយ។

សម្តេចបានផ្តល់ស្បៀង និងថវិកាសម្រាប់ត្រៀមជួយដល់បងប្អូនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងរដូវវស្សាខាងមុខនេះ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយជានិរន្ត៕