(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកស្រី ហ៊ូ សុគន្ធ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា ស្នងការរងទទួលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

មរណភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា គឺជាការបាត់បង់នូវកូន ស្វាមី បង ប្អូន និងឪពុកជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏សកម្ម ចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ចូលរួម បុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕