(សៀមរាប)៖ ប្រជាពលរដ្ឋនៅភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែនជ័យ ខេត្តសៀមរាប បានរៀបចំពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង តាមប្រពៃណី ទំនៀមទម្លាប់ដូនតា ជាពិសេស ពិធីសុំទឹកភ្លៀងនេះ ធ្វើឡើងក្នុងកាលៈទេសៈដែលអាកាសធាតុក្តៅរាំងស្ងួតហួតហែង ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ ក៏មិនទទួលបានផលល្អដែរ។

ដូច្នេះហើយ ទើបចាស់ៗពីដើម គាត់រៀបចំពិធីសុំទឹកភ្លៀងនេះឡើង ក្នុងគោលបំណង ដើម្បីសុំឱ្យភ្លៀងធ្លាក់មកស្រោចស្រពលើដំណាំរបស់ប្រជាកសិករ ដើម្បីទទួលបានទិន្នផលល្អ ព្រមទាំងបន្តធ្វើពិធីនេះរហូតមកដល់បច្ចុប្បន្ន។

ពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀង ធ្វើឡើងរយៈពេល០២ថ្ងៃ ដោយចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណប្រាសាទលាក់នាង ស្ថិតក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯក ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំផ្សេងៗ មកចូលរួមជាច្រើនផងដែរ។

យោងតាមលោកអាចារ្យ រួន រៀន បានលើកឡើងថា កាលពីដើមប្រសិនបើមានពិធីឆាន់ឆ្លងចេត្រ និងសុំទឹកភ្លៀងនេះ គឺប្រជាពលរដ្ឋនៅក្នុងភូមិមកទាំងអស់ ព្រមទាំងមានប្រជាពលរដ្ឋមកពីភូមិផ្សេងៗ ក៏មកចូលរួមក្នុងពិធីនេះដែរ ប៉ុន្តែបច្ចុប្បន្ននេះ មានភាពស្ងប់ស្ងាត់បន្តិច ដោយសារមិនសូវមានការជឿជាក់លើពិធីនេះ។

លោកអាចារ្យ បានបន្តថា នៅក្នុងពិធីនេះមានពីរ គឺទី១៖ ឆាន់ដើម្បីឆ្លងចេត្រ និងទី២៖ ឆាន់ដើម្បីការហៅសុំទឹកភ្លៀងផង ក្នុងនោះគេបានធ្វើជារូប ដូចជា៖ រូបកង្កែប រូបត្រី រូបក្រពើ រូបក្របី និងរូបផ្សេងៗជាច្រើនទៀត។

លោកអាចារ្យ បន្ថែមថា ចាស់ៗពីដើមគាត់ធ្វើហើយ តែងតែបានផលដូចតែគាត់ប៉ងប្រាថ្នាផង​ដែរ។ លោកអាចារ្យ បន្តថា បើធ្វើបុណ្យដើម្បីតម្រូវអ្វីមួយនោះ គឺមិនដឹងពីមូលហេតុច្បាស់នោះទេគឺ (បុណ្យអរូប)។ អរូប គឺជាការស្មាន ប៉ុនែ្តការស្មាននោះវាច្រើនជូនផលដូចបំណងប៉ងប្រាថ្នា ដូច្នេះហើយទើបចាស់ៗបន្តធ្វើពិធីនេះ រហូតមកដល់បច្ចុប្បន្ននេះ។

ដោយឡែកលោកតា សួង យក្ស ដែលជាចាស់ទុំម្នាក់នៅក្នុងភូមិ បានឱ្យដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសុំទឹងភ្លៀងក្នុងការស្រោចស្រពលើដំណាំរបស់ប្រជាកសិករ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ប៉ុន្តែទោះបីជាមានភ្លៀងធ្លាក់រួចហើយក៏ដោយ ក៏ពិធីនេះនៅតែដដែល ដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ដូនតាឱ្យបានគងវង្សផង​ដែរ៕