(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការឯកភាពគ្នានេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។
លោកស្រីនាយករដ្ឋមន្ត្រីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូ។ លោកស្រីក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដេីម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។
ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជានៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) សម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តាមការស្នើសុំរបស់សម្ដេចបវរអធិបតី នាពេលកន្លងមក និងបានអរគុណដល់វិនិយោគិននិងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វេីធុរកិច្ចនៅកម្ពជា។ លោកស្រីនាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះដែរ, ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអាស៊ាន និងតំបន់ ផងដែរ រួមមាន ការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត នៅក្នុងឆ្នាំ២០២៥ នេះ និង តួនាទីរបស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា៕