(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១៦:៣០ នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារបច្ចេកទេសបានស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីបានជាង ៧០% ដោយឡែករោងចក្រធ្យូងថ្មទើបដំណើរការបាន ១គ្រឿងប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងកាត់បន្ថយការប្រើប្រាស់ជៀសវាងការខ្វះថាមពល។

គួរឱ្យដឹងថា រសៀលថ្ងៃទី២៣ ខែមេសានេះ អគ្គិសនីកម្ពុជា បានប្រកាសពីករណីដាច់ចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយសារតែការដាច់ចរន្តអគ្គិសនី រវាងប្រភពសាំងក្រូនខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និងបន្ទុកនៅរាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕