(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តីប្រទេសថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាល និងសភាប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា និងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈដែលលោកស្រីបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពិតជាមានក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្ត ថែរក្សា ពូនជ្រំ និងរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ៧៥ ឆ្នាំមកនេះ ហើយសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ សមិទ្ធផល និងវឌ្ឍនភាពនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកថែមទៀតផង៕