(ព្រះសីហនុ)៖ កម្ពុជាជាប្រទេសឈានមុខគេ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការរៀបចំបង្កើតផែនការសកម្មភាពជាតិ អនុវត្តលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០។ នេះគឺជាការកត់សម្គាល់របស់នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលបានថ្លែងក្នុងកម្មវិធី បើកសិក្ខាសាលាថ្នាក់ជាតិ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២៥។

តាងនាមឱ្យនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ, នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ​ចំពោះការរៀបចំបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការបង្កើតផែនការសកម្មភាពជាតិ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៥៤០ រយៈពេល ៣ ថ្ងៃនៅខេត្តព្រះសីហនុ ក្រោមកិច្ចផ្ដួចផ្ដើមគាំទ្រពីសំណាក់ ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ របស់អង្គការសហប្រជាជាតិ និងការជួយឧបត្ថម្ភពីសហភាពអឺរ៉ុប។

សូមបញ្ជាក់ថា សេចក្តីសម្រេចចិត្តលេខ១៥៤០ ត្រូវបានអនុម័តឡើងតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៤ សម្រាប់ជាការឆ្លើយតបទៅនឹង ការរីករាលដាលនៃការគំរាមកំហែង ដោយភាគីមិនមែនរដ្ឋ ដូចជា ក្រុមភេរវករ និងពួកជ្រុលនិយម ដែលប្រើប្រាស់ អាវុធមហាប្រល័យ បង្កអសន្តិសុខ និងគ្រោះមហន្តរាយដល់ពិភពលោក។ ដូច្នេះសេចក្តីសម្រេចចិត្តនេះ មានគោលបំណងឲ្យប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ បំពេញកាតព្វកិច្ច របស់ខ្លួនក្នុងការបញ្ឈប់ ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ នៅគ្រប់ទម្រង់ទាំងអស់ ទៅកាន់ភាគីមិនមែនរដ្ឋ ដូចជាភេរវករ និងពួកជ្រុលនិយម ដែលមានបំណងក្នុងការអភិវឌ្ឍន៍ កាន់កាប់ ផលិត កែច្នៃ ដឹកជញ្ជូន ផ្ទេរ ឬប្រើប្រាស់ អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងគ្រប់មធ្យោបាយដឹកជញ្ជូននៃអាវុធទាំងនេះ។

ក្នុងន័យនេះដើម្បីឲ្យរដ្ឋភាគីទាំងអស់រួមទាំងកម្ពុជា ចូលរួមបំពេញកាតព្វកិច្ចនិងអនុវត្តនូវសេចក្តីសម្រេចចិត្ត ឲ្យកាន់តែមានប្រសិទ្ធភាពនិងជោគជ័យការបង្កើតផែនការសកម្មភាពជាតិ ក្នុងការអនុវត្តលើសេចក្តីសម្រេចចិត្ត ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋភាគីនីមួយៗពីព្រោះផែនការសកម្មភាពជាតិនេះនឹងជួយក្នុងការពង្រឹងនៅយន្តការក្នុងការអនុវត្តច្បាប់ជាតិ និងការបំពេញកាតព្វកិច្ចនានាអនុលោម តាមច្បាប់អន្តរជាតិ បានគ្រប់ជ្រុងជ្រោយ។

នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន២ លើករួចមកហើយ ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីសំណាក់ការិយាល័យ UNODA និងរាជរដ្ឋាភិបាល នៃប្រទេសជប៉ុនដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមសម្រាប់មន្ត្រីរៀបចំគោលនយោបាយនិងមន្ត្រីគ្រប់គ្រងជាន់ខ្ពស់ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០ និងការបោះជំហានបន្តរបស់កម្ពុជា ត្រៀមរៀបចំបង្កើតផែនការសកម្មភាពជាតិ ដើម្បីចូលរួមជាមួយសាកលលោកក្នុងការប្រឆាំងលើការីកសាយភាយ អាវុធមហាប្រល័យនិងអំពើភរវកម្មនានា។

ពាក់ព័ន្ធនឹងការបង្កើតផែនការសកម្មភាពជាតិក្នុងការអនុវត្តលើសេចក្តីសំរេចនេះក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសដំបូងគេក្នុងការរៀបចំបង្កើតផែនការ ហើយក៏មានបណ្ដាប្រទេស នានានៅក្នុងតំបន់រួមមានប្រទេសឡាវប្រទេសថៃ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិរបស់ខ្លួនជំហានទី១ រួចហើយ និងត្រៀមបន្តទៅក្នុងជំហានទី២ ដោយឡែកនៅមានបណ្ដាប្រទេសផ្សេងៗទៀតរួមមាន៖ ប្រទេសទីម័រខាងកើតប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានស្នើសុំទៅកាន់ការិយាល័យ UNODA ក្នុងការចាប់ផ្ដើមនៅជំហានទីមួយនៃការរៀបចំផែនការសកម្មភាពជាតិ នេះផងដែរ។

លោកបានបញ្ជាក់បន្ថែមថា កម្ពុជា បានចូលជារដ្ឋភាគីនៃអនុសញ្ញា សន្ធិសញ្ញា និងបទបញ្ញត្តិអន្តរជាតិនានាជាច្រើនដើម្បីចូលរួមទប់ស្កាត់ ការរីកសាយភាយ នៃអាវុធមហាប្រល័យ មហាប្រល័យ និងអំពើភារវកម្ម។ កន្លងមកនៅក្នុងក្របខ័ណ្ឌអនុវត្តថ្នាក់ជាតិ លើសេចក្តីសម្រេចចិត្ត លេខ ១៥៤០ នេះព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានដាក់របាយការណ៍ថ្នាក់ជាតិជូនគណៈកម្មាធិការ ១៥៤០ ចំនួនបីដងរួចមកហើយ កាលពីឆ្នាំ ២០០៥ ឆ្នាំ ២០១៦ និងឆ្នាំ២០១៨ ហើយក្នុងនោះ ក៏បានធ្វើបច្ចុប្បន្នភាពតារាងម៉ាទ្រីស UNSCR ១៥៤០ ដែលទទួលបានការឯកភាពពីគណៈកម្មាធិការ ១៥៤០ កាលពីឆ្នាំ ២០២០។

ក្នុងការអនុវត្ត កិច្ចការនេះព្រះរាជាណាចក្រកម្ពុជានៅតែបន្តធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ថ្នាក់ជាតិនិងតារាងម៉ាទ្រីសដើម្បីដាក់ជូនគណៈកម្មាធិការលេខ១៥៤០ផងដែរ។ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា មានជំនឿជឿជាក់យ៉ាងមុតមាំថា កម្មវិធីសិក្ខាសាលាថ្នាក់ជាតិនាពេលនេះ និងបន្តធ្វើបច្ចុប្បន្នភាពលើរបាយការណ៍អនុវត្តថ្នាក់ជាតិ និងតារាងម៉ាទ្រីស សម្រាប់សេចក្តីសម្រេចចិត្ត UNSCR ១៥៤០ របស់ព្រះរាជាណាចក្រកម្ពុជាដើម្បីដាក់ជូនគណៈកម្មាធិការ UNSCR ១៥៤០ ជាពិសេសសម្រេចឱ្យបាននៅផែនការសកម្មភាពថ្នាក់ជាតិអនុវត្តទៅលើសេចក្តីសម្រេចចិត្តលេខ១៥៤០ របស់ព្រះរាជាណាចក្រកម្ពុជា។

ផែនការសកម្មភាពជាតិនេះ នឹងជួយពង្រឹងដល់ការអនុវត្តបទបញ្ញត្តិច្បាប់ជាតិក្នុងការការពារការរីកសាយភាយអាវុធមហាប្រល័យ និងការប្រើប្រាស់អាវុធទាំងនេះ ដោយភាគីមិនមែនរដ្ឋ ដូចជាក្រុមភេរវករ និងពួកជ្រុលនិយមនានាមិនត្រឹម តែប៉ុណ្ណោះ ផែនការសកម្មភាពនេះនឹងជួយពង្រឹងសមត្ថភាព ថ្នាក់ជាតិក្នុងការរាវរកការបង្ការនិងការឆ្លើយតបចំពោះការគំរាមកំហែង ពីបណ្ដាសកម្មភាពភេរវករ និងអសន្តិសុខក្នុងប្រទេស ក៏ដូចជាសាកលលោក ហើយនេះជាការរួមចំណែកមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល។

ក្នុងន័យនេះ លោកសំណូមពរលោកលោកស្រីទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលារយៈពេលបីថ្ងៃនេះសូមចូលរួមឲ្យបានផុលផុសនិងផ្ដល់ជាមតិយោបល់ និងធាតុចូលដើម្បីយើងទាំងអស់គ្នារៀបចំផែនការសកម្មភាពជាតិមួយនេះអោយបានសម្រេចជោគជ័យ៕