(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថានកម្ពុជា និងលោក Chalermchai Sri-On រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកសារទាំង៧នេះ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ក្នុងនោះរួមមាន៖

ទី១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។
ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។
ទី៤៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
ទី៥៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។
ទី៦៖ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ។
និងទី៧៖ ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃកើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរ ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី រវាងប្រជាជនទាំងពីរ។