(ភ្នំពេញ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺពិតជាមានសំណាងណាស់មានឪពុកជាមេដឹកនាំខ្លាំងពូកែ ហើយជាទីប្រឹក្សាដ៏ល្អសម្រាប់កូនៗ។
លោកស្រីនាយករដ្ឋមន្ត្រី គូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។
លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះរញ្ជួញដីនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គឺជាការរួមចំណែកញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលមានរយៈពេល៧៥ឆ្នាំហើយនោះ កាន់តែល្អបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះការជជែកគ្នាប្រកបដោយផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រួមជាមួយការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យការងារ បរិស្ថាន ការដឹកជញ្ជូន និងការតភ្ជាប់។ សម្តេចតេជោ បានសម្តែងក្តីរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ នឹងប្រឹងប្រែងធ្វើកិច្ចការជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយគ្នា ដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍លោកស្រី និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅដែលបានផ្តល់ឱកាសឱ្យលោកស្រី និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា លោកស្រីមានសេចក្តីត្រេកអរយ៉ាងខ្លាំងបានជួបសម្តេចតេជោជាថ្មី។ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានរំលឹកនូវអនុស្សាវរីយ៍ជាច្រើនរវាងសម្តេចតេជោ និងលោកឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាបងប្អូនធម៌នឹងគ្នានោះ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថា បើទោះបីជំនួបនាពេលនេះក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភាយ៉ាងណាក្តី តែលោកស្រីសុំហៅសម្តេចជាពូ ព្រោះថាទំនាក់ទំនងរវាងសម្តេចតេជោ និងគ្រួសាររបស់លោកស្រីមានភាពស្និទ្ធស្នាលខ្លាំង។
លោកស្រីនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកស្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសំណាងណាស់ ដែលមានឪពុកជាអតីតនាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាល្អសម្រាប់កូនៗក្នុងការដឹកនាំប្រទេសជាតិ។
បន្ទាប់ពីបានឮការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃរួចមក, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំភើបចំពោះការគូសរំលេចនូវចំណងអនុស្សាវរីយ៍រវាងសម្តេច និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាបងប្អូនធម៌នឹងគ្នា។ សម្តេចតេជោ បានគូសរំលេចថា ចំណងមេត្រីភាពរវាងសម្តេច និងលោក ថាក់ស៊ីន ជាចំណងមេត្រីភាពដែលយូរអង្វែង តែងបារម្ភពីគ្នា និងតែងជួយគ្នាគ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកស្រីនាយករដ្ឋមន្ត្រីថៃ ដែលបានយកចិត្តទុកដាក់ជួយដល់ពលករកម្ពុជា កំពុងធ្វើការនៅក្នុងប្រទេសថៃ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានលើកឡើងថា ពលករខ្មែរ បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយពលករខ្មែរនៅថៃ ក៏បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចរបស់ថៃផងដែរ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាមពាណិជ្ជកម្មរបស់ពិភពលោកផងដែរ។ សម្តេចតេជោ បានគូសរំលេចថា ជំនួបជាមួយលោកស្រីនាយករដ្ឋមន្ត្រីនាពេលនេះ ចំពេលដែលពិភពលោកទាំងមូលកំពុងតែធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយជាស្ថានភាពមួយដ៏លំបាក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទន្ទឹមនឹងការជួបការលំបាកនេះ ភាគីទាំងពីត្រូវខិតខំប្រឹងប្រែងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយពង្រីកនូវទំហំពាណិជ្ជកម្មក្នុងនាមជាប្រទេសជិតខាង និងប្រើប្រាស់យន្តការដែលមានស្រាប់ដូចជាយន្តការអាស៊ាន RCEP ជាដើម ដើម្បីធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មនាំចេញ នាំចូលរវាងប្រទេសទាំងពីរកើនឡើងទៅមុខបន្ថែមទៀត៕