(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែម សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍ ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ក្នុងគោលបំណងរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួង ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែម សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយនឹងពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើមនិងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និង អនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ៕