(ភ្នំពេញ)៖ ក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញហើយកុមារីលក់ផ្កា ហើយទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គមនោះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។
កុមារីរូបនេះ មានឈ្មោះ ស៊ុន ស្រីតីអាយុ ៤ឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងពិភាក្សាអំពីការរៀបចំគ្រួសារកុមារីរូប។
ជាមួយការប្រកាសដំណឹងរូបឃើញកុមារីខាងលើហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតតបទៅនឹងអ្នកចូលបញ្ចេញមតិយោបល់ពាក់ព័ន្ធសិទ្ធិកុមារផងដែរ។
សម្តេចតេជោ បានអង្វរអ្នកបញ្ចេញមតិនោះ កុំឱ្យទៅលឿនហួសពីសិទ្ធិរស់រានមានជិវិតដែលផ្តើមចេញពីក្រពះ និងសូមកុំប្រញ៉ាប់
វិនិច្ឆ័យមុនពេលដឹងរឿងពិត ដែលជាការវាយប្រហារលើឪពុក
ម្តាយចៅស្រីដ៏កម្សត់នេះថែមទៀត។
សម្តេចតេជោ បានរំលឹកថា កាលសម្តេចមានអាយុ ៥ ឬ៦ឆ្នាំ សម្តេចក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រី ចាប់ក្តាមឱ្យម៉ែស្លទទួលទាន ដែលនោះ
ជាការលំបាកជាងកុមារីលក់ផ្កានេះទៅទៀត។
សម្តេចតេជោ បានគូសបញ្ជាក់ដោយរំលឹករឿងកុមារភាពរបស់ខ្លួនបែបនេះ «រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មានជម្រើសព្រោះពុក និងបងៗ មិននៅផ្ទះ ម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹក ចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឱ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំង ម្តាយ និងកូន៤នាក់។ សិទ្ធរស់រានមានជិវិត ត្រូវតែមានមុនគេ បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»៕