(ភ្នំពេញ)៖ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង២៥ រាជធានី-ខេត្ត។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីសាវតារ នៃការកកើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបានជម្រាបជូនអង្គសិក្ខាសាលាថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រួលមុខងារ ពី៣ចំណុច មក៥ចំណុច រួមមាន៖ មុខងារទី១៖ ដឹកនាំ និងគ្រប់គ្រងលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា, មុខងារទី២៖ ថែរក្សា ការពារ ជួសជុល ស្តារឡើងវិញ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌, មុខងារទី៣៖ បណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំយន្តការផ្ទេរចំណេះដឹងក្នុងវិស័យសិល្បៈ វប្បធម៌ទាំងក្នុង និងក្រៅប្រព័ន្ធ កម្រិតបឋម មធ្យម រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈ, មុខងារទី៤៖ ស្រាវជ្រាវ ចងក្រងឯកសារ ចុះបញ្ជីសារពើភណ្ឌ និងចាត់ថ្នាក់សម្បត្តិវប្បធម៌ ព្រមទាំងរៀបចំឯកសារចុះបេតិកភណ្ឌវប្បធម៌ជាតិក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ និងស្ថាប័នអន្តរជាតិនានា និងមុខងារទី៥៖ លើកកម្ពស់ការបង្កើតស្នាដៃច្នៃប្រឌិត និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងពង្រឹងការអនុវត្តសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដើម្បីកំណើនសេដ្ឋកិច្ច និងការងារ។

លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាននៃមុខងារស្នូលទាំង៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ ដែលបច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនសេចក្តីព្រាងអនុក្រឹត្យស្ដីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» ដើម្បីស្នើសុំការពិនិត្យផ្តល់យោបល់ពីក្រសួងមុខងារសាធារណៈ។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ១៖ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង២៖ ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ៕