(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ សម្រាប់បេក្ខជនបណ្ឌិត ប៊ុន ភក្តី លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជំនាញពាក់ព័ន្ធជាច្រើនរូនផងដែរ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ផ្តើមចេញនូវការគាំទ្រពីសំណាក់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះដំណើរការថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំចង្អុលបង្ហាញដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យជំរុញនិស្សិតថ្នាក់បណ្ឌិត យកចិត្តទុកដាក់ខ្ពស់ លើការងារសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជាឧត្តមប្រយោជន៍ក្នុងវិស័យនគរបាល ដែលបច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាល បានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី១ និងបានវាយតម្លៃបេក្ខជនបានចំនួន១៣រូបរួចមកហើយ និងបានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី២ ចំនួន១៣រូបបន្ថែមទៀតផងដែរ។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្ថែមទៀតថា ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអនុវត្តយ៉ាងហ្មត់ចត់ស្របតាម ស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដែលតម្រូវអោយបេក្ខជនត្រូវការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយត្រូវឆ្លើយតបតាមគោលការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ទើបអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត ប៊ុន ភក្ដី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលដំបូងគេ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

តាមរយៈពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១នេះ នឹងធ្វើឲ្យបណ្ឌិត្យភានគរបាលកម្ពុជា កាន់តែមានកិត្យានុភាព និងឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមជម្រាបថា ដើម្បីឈានដល់ការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ បេក្ខជនបណ្ឌិតត្រូវអនុវត្តតាមគោលការណ៍ដែលកំណត់ និងស្របតាមស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដោយតម្រូវឲ្យអ្នកសិក្សាបំពេញលក្ខខណ្ឌខ្ពស់ ដូចជា ត្រូវសិក្សាលើមុខវិជ្ជា (Course Work) ហើយកម្រិតពិន្ទុ៧០% ទើបជាប់តាមមុខវិជ្ជានីមួយៗ ត្រូវការពារគម្រោងស្រាវជ្រាវ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើក ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិចំនួន១ ការចុះស្រាវជ្រាវប្រមូលទិន្នន័យ ការពារនិក្ខេបបទសាកល្បង និងការពារនិក្ខេបបទបញ្ចប់ ទើបអ្នកសិក្សាអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន៕