(ភ្នំពេញ)​៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កាលពីចុងឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត ប្រមូលបានភស្តុតាង និងអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាង សុខឃាង ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរអនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន ភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ ដោយ យោងតាមចម្លើយសារភាព និងភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់ បណ្តាញសង្គមយកមកធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលអំពើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់ សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម៕