(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra កំពុងបំពេញទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ចនេះ នៅចំពេលដែលពិភពលោកកំពុងជួបប្រទះភាពមិននឹងនរក្រោមសម្ពាធពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច។ Fresh Exclusive មានសេចក្តីរាយការណ៍…
នៅពេលដែលពិភពលោក កំពុងជួបនឹងភាពមិនប្រាកដប្រជានៃបញ្ហាសេដ្ឋកិច្ច និងទិដ្ឋភាពភូមិសាស្ត្រនយោបាយ កម្ពុជានិងថៃ បានបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូយូរអង្វែង និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព វិបុលភាព និងការរីកចម្រើនទៅវិញទៅមករវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីថៃលោកជំទាវ Paetongtarn Shinawatra មកកាន់ប្រទេសកម្ពុជា រវាងពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៥ និងជាពេលវេលាជាប្រវត្តិសាស្ត្រដែលប្រទេសទាំង២ អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
ក្នុងពិធីទទួលស្វាគមន៍យ៉ាងកក់ក្តីនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីថៃ បានគូសបញ្ជាក់អំពីសម្ព័ន្ធភាពដ៏ស៊ីជម្រៅ រវាងប្រទេសទាំង២ ដែលមានមូលដ្ឋានក្នុងប្រវត្តិសាស្ត្រ, ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានជួបប្រជុំចង្អៀតជាមួយគ្នាជាច្រើននាទី មុនកិច្ចប្រជុំជាផ្លូវការ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
* តើឯកសារទាំងប្រាំពីរ ចុះហត្ថលេខារវាងកម្ពុជាថៃ មានអ្វីខ្លះ?
ពិធីចុះហត្ថលេខាជាផ្លូវការ នៅចំពោះមុខនាយករដ្ឋមន្ត្រីទាំងពីរ ដែលបានធ្វើសាក្សីលើកិច្ចព្រមព្រៀងក្នុងវិស័យសំខាន់ៗទាំង៧ បានឆ្លុះបញ្ចាំងពីតម្រូវការវិវត្ត និងគោលដៅរួមរបស់ប្រទេសទាំងពីរ៖
១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។
៤៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
៥៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។
៦៖ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ។
៧៖ ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន សម្តេចបវរធិបតី បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ថាមានសារៈសំខាន់ ខណៈប្រទេសទាំង២ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២៖
«វត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីនៅពេលនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់ចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូរយុទ្ធសាស្ត្ររបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ចេញនូវសកម្មភាពគន្លឹះ សម្រាប់បណ្តាឆ្នាំខាងមុខដែលសំដៅលើកកម្ពស់កិច្ចសហប្រត្តិបត្តិការលើគ្រប់វិស័យ និងជម្រុញការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធរវាងប្រជាពលរដ្ឋយើងទាំងពីរ ហើយជាពិសេសក្រោយពេលដែលប្រទេសយើងទាំងពីរ បានឡើងទៅភាពជាដៃគូរយុទ្ធសាស្ត្រកាលពីឆ្នាំមុន»។
* គោរពអធិបតេយ្យភាព និងស្ថិរភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា។ សម្តេចបវធិបតី បានវាយតម្លៃខ្ពស់ចំពោះវិស័យធុរកិច្ចរវាងប្រទេសទាំង២ ដែលជាកម្លាំងជម្រុញសន្ទុះសេដ្ឋកិច្ចរវាងគ្នាទៅវិញទៅមក៖ «ប្រទេសថៃ ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ហើយយើងបានពិភាក្សាគ្នាអំពីយន្តការជាក់ស្តែងនិងគំនិតផ្តួចផ្តើមបំពេញបន្ថែមផ្សេងៗគ្នារបស់រដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីជម្រុញពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរបន្ថែមទៀត»។
គួរកត់សម្គាល់ថា គិតត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ឈានដល់ប្រមាណ ១០ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ កំណើននេះ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសថៃនៅតែជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម។ រដ្ឋាភិបាលទាំងពីរ បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ដើម្បីសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិបុលភាពទៅវិញទៅមក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។
នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ក្នុងប្រសាសន៍ថ្លែងនាឱកាសនោះ បានបន្ទរលើស្មារតីនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ថៃនិងកម្ពុជា មិនមែនគ្រាន់តែជាប្រទេសជិតខាងនោះទេ យើងជាដៃគូជាមួយគ្នាតាំងពីអតីតកាល បច្ចុប្បន្ន និងបន្តអនាគតរួមគ្នា។
លោកស្រីនាយករដ្ឋមន្ត្រីថៃ បានថ្លែងកត់សម្គាល់ថា៖ «ក្នុងគ្រាដែលមានភាពចលាចលក្នុងតំបន់ និងពិភពលោក វាជាកាតព្វកិច្ចរបស់យើង ក្នុងការកសាងស្ពានសន្តិភាព ឱកាស និងការគោរពគ្នាទៅវិញទៅមក»។
* សមាហរណកម្មសេដ្ឋកិច្ច និងគោលដៅទេសចរណ៍រួមគ្នា
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពី របានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ រាប់ពីពាណិជ្ជកម្មឆ្លងព្រំដែន រហូតដល់ការវិនិយោគ និងនវានុវត្តន៍ ប្រទេសទាំងពីរ តែងមានផែនការពង្រឹងការធ្វើសមាហរណកម្មពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក។ គោលគំនិតនៃ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ត្រូវបានគាំទ្រដោយប្រទេសទាំងពីរ ជាមួយនឹងភាពប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការកែលម្អច្រកព្រំដែន និងយុទ្ធនាការទីផ្សាររួមគ្នាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងថា «យើងរីករាយសហការគ្នា ក្នុងការបង្កើតក្រុមការងារ ដើម្បីពិភាក្សាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគោលគំនិតនៃ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» នេះ។
* កិច្ចសហប្រតិបត្តិការវប្បធម៌ និងសន្តិសុខ
សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសថៃជាមិត្ត ដែលបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដែលថ្មីៗនេះបានលើកលែងថ្លៃទិដ្ឋាការ ឱ្យចេញចូលប្រទេសវិញសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះប្រទេសថៃលើការបន្តគាំទ្ររបស់ថៃលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌, សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការប្រគល់ជូនមកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន២០ ដែលបានរឹបអូសពីក្រុមទុច្ចរិត។
ចំពោះវិស័យសន្តិសុខ កម្ពុជានិងថៃបានឯកភាពគ្នានៅក្នុងការបន្តកិច្ចសហការបន្ថែមដែលមានស្រាប់ ក្នុងនោះរួមមានការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាស់។
សម្តេចបវរធិបតីនៃប្រទេសកម្ពុជា បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងយើងបានឯកភាពគ្នាពង្រឹងសហប្រតិបត្តិការកងទ័ព ជាពិសេសក្នុងចំណោមបណ្តាអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន។
* ឯកភាពអាស៊ាន និងចក្ខុវិស័យតំបន់
កិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានបញ្ជាក់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងអាស៊ាន។ ទាំងកម្ពុជា និងថៃ បានគាំទ្រដល់សមាជិកភាពពេញលេញរបស់ទីម័រខាងកើតក្នុងអាស៊ាន ហើយបានរំលឹកឡើងវិញនូវតួនាទីរបស់ប្លុកនេះ ក្នុងការខិតខំប្រឹងប្រែងកសាងសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានមានប្រសាសន៍ថា៖ «កម្ពុជា និងថៃ ត្រូវតែបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងឱ្យកាន់តែខ្ពស់»។ លោកស្រី បានសង្កត់ធ្ងន់ថាគឺ «មានតែតាមរយៈការសហការគ្នាទេ ទើបយើងអាចយកឈ្នះលើសម្ពាធនៃជម្លោះពាណិជ្ជកម្មពិភពលោក និងទទួលបានភាពរុងរឿងពិតប្រាកដសម្រាប់ប្រជាជនរបស់យើង»។
* គំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់
នៅក្នុងពិភពលោកដែលប្រឈមកាន់តែខ្លាំងឡើងដោយលទ្ធិគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម និងការផ្លាស់ប្តូរសម្ព័ន្ធភាពកម្ពុជា និងថៃ បានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅតែជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ការជ្រើសរកផ្លូវដ៏ល្អធ្វើដំណើរទៅមុខ។ កម្ពុជា និងថៃ បានបញ្ជាក់ភាពប្តេជ្ញាចិត្តជាថ្មីចំពោះវិស័យការទូត ការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូរ ដែលអ្វីទាំងនេះ បានឈរជាគំរូដ៏ភ្លឺស្វាងសម្រាប់អាស៊ាន និងពិភពលោក។
នៅពេលដែលប្រទេសទាំង២ កំពុងបោះជំហានឈានទៅមុខក្នុងយុគសម័យថ្មីនៃភាពជាដៃគូ ប្រទេសទាំងពីរ បាននាំទៅជាមួយនូវក្តីសង្ឃឹមរបស់មនុស្សរាប់លាននាក់ ដែលចង់បានសន្តិភាព មានការងារ ការអប់រំ និងឱកាស។
ដំណើរទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ គឺជាសក្ខីកម្មបង្ហាញទៅពិភពលោកថា មិត្តភាពរវាងកម្ពុជានិងថៃ គឺជាចំណងមិត្តភាពដែលមានសារៈសំខាន់បំផុត ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជាពិសេសក្នុងស្ថានការណ៍ដែលបណ្តាប្រទេសនានាលើសកលលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទៅវិញទៅមក៕