(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ។
ក្នុងពិធីជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ប្រកាសឲ្យចូលកាន់តំណែង លោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា ជាអនុប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា មុនប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋាននគរបាលការពារ លោកមានតួនាទីជា ស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ។ ដោយឡែក លោកស្រី ឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា មានតួនាទីជា អនុប្រធានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕