(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ៣០១,៣៦៥,០០០រៀល ដែលទទួលបានពីវិភាគទានប្រចាំឆ្នាំរបស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ ចំពោះកងពលធំអន្តរាគមន៍លេខ២ ក្រោមការដឹកនាំរបស់​ លោកឧត្ដមសេនីយ៍ឯក កែវ ធី ក្នុងការខិតខំស្វះស្វែងចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូល​វិភាគ​ទាន​ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជាប្រយោជន៍​ដល់កុមារកម្ពុជា​រាប់លាននាក់ ដែលនេះ ជាសក្ខីភាពដ៏សំខាន់បំផុតមួយ របស់មូលនិធិ ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបជូនថា ចាប់តាំងពីមូលនិធិប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងមក កងពលធំអន្តរាគមន៍លេខ២ បានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៦លើកមកហើយ រួមទាំងលើកនេះដោយមួយលើកៗចូលរួមបរិច្ចាគប្រមាណ ៣០០លានរៀលក្នុង១ឆ្នាំ៕