(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាផ្តល់ប្រាក់ចំនួន ២៤.៣ពាន់លានដុល្លារ ពីធនធានរបស់ខ្លួនក្នុងឆ្នាំ២០២៤ រួមនឹងការផ្តល់សហហិរញ្ញប្បទានចំនួន ១៤.៩ពាន់លានដុល្លារ ក្រោមកិច្ចសហការជាមួយដៃគូ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍស្មុគស្មាញជាច្រើន។

ព័ត៌មានហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ ADB ត្រូវចេញផ្សាយថ្ងៃនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ខ្លួន។ របាយការណ៍នេះ សង្ខេបពីរបៀបដែល ADB គាំទ្រប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់ខ្លួន ដើម្បីឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងធន់។

ប្រធាន ADB លោក Masato Kanda បានថ្លែងថា «ជាមួយនឹងការកើនឡើងនូវទំហំផ្តល់ហិរញ្ញវត្ថុរបស់យើង និងការផ្តោតជាយុទ្ធសាស្រ្តកាន់តែជាក់លាក់ ADB កំពុងប្រែក្លាយ ការប្តេជ្ញាចិត្តទៅជាលទ្ធផលជាក់ស្តែង។ យើងកំពុងផ្តល់ហិរញ្ញប្បទានគាំទ្រប្រភពថាមពល និងប្រព័ន្ធដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពជាងមុន ទ្រទ្រង់ដល់វិស័យឯកជន ប្រកបដោយសក្តានុពលដែលបង្កើតការងារមានគុណភាព ព្រមទាំងពង្រឹងសេវាមូលដ្ឋានក្នុងវិស័យអប់រំ សុខាភិបាល និងកិច្ចការពារសង្គម។ រួមគ្នាជាមួយដៃគូរបស់យើង ADB កំពុងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយនៅអាស៊ី និងប៉ាស៊ីហ្វិក»

ថវិកាចំនួន ២៤.៣ពាន់លានដុល្លារនោះ រួមមានប្រាក់កម្ចី ជំនួយឥតសំណង ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេស ដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។

បន្តពីការផ្តល់ការងារផ្ទាល់ប្រមាណ ១ លានការងារក្នុងឆ្នាំ ២០២៤ ADB បានសន្យាផ្តល់ថវិកាចំនួន ៤.៨ពាន់លានដុល្លារ តាមរយៈគម្រោង និងកម្មវិធីគាំទ្រវិស័យឯកជនរបស់ខ្លួន ដែលបានកើនឡើង ២៨.៥% ពីឆ្នាំ ២០២៣។ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនបានគាំទ្រដល់បរិយាកាសធុរកិច្ច ពង្រីកទីផ្សារមូលធនកាន់តែទូលំទូលាយ និងបង្កើនការធ្វើពាណិជ្ជកម្ម។

របាយការណ៍នេះ ក៏បានកត់ត្រាពីការវិវត្តរបស់ ADB ដើម្បីក្លាយជាធនាគារអភិវឌ្ឍន៍កាន់តែធំ កាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ចំណុចសំខាន់ៗរួមមាន កំណែទម្រង់ការគ្រប់គ្រងមូលធន ដែលនឹងអនុញ្ញាតឱ្យ ADB ពង្រីកប្រតិបត្តិការរបស់ខ្លួន៥០%បន្ថែម ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ ការធ្វើបច្ចុប្បន្នភាពគន្លឹះ នៃយុទ្ធសាស្រ្តរួមរបស់ស្ថាប័ន និងការបន្ថែមថវិកាចំនួន ៥ ពាន់លានដុល្លារសម្រាប់មូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពហិរញ្ញប្បទានឥតសំណងដ៏ធំបំផុតរបស់ ADB សម្រាប់ប្រតិបត្តិការនៅក្នុង ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ ដែលមានតម្រូវការខ្ពស់ និង ងាយរងគ្រោះបំផុតរបស់ខ្លួន។

ADB ក៏បានបែងចែកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងជាច្រើនក្នុងឆ្នាំ២០២៤ ដើម្បីបង្កើតប្រព័ន្ធផលិតកម្មស្បៀងប្រកបដោយផលិតភាពនិងធន់ជាងមុន កាត់បន្ថយផលប៉ះពាល់ ដែលបង្កការខូចខាតពីព្រឹត្តិការណ៍អាកាសធាតុអាក្រក់ និងបង្វែរទិសការរិចរិលបរិស្ថាន និងការបាត់បង់ជីវចម្រុះ។

ADB បានជួយ ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តកំណែទម្រង់សំខាន់ៗ សំដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោះស្រាយហានិភ័យសារពើពន្ធ និង ជំរុញការអភិវឌ្ឍនសង្គម និងសេដ្ឋកិច្ចតាមរយៈការកៀរគរធនធាន និងថវិកាក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕