(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផលការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ និងលោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា ជាអនុប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា មុនប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋាននគរបាលការពារ លោកមានតួនាទីជា ស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ។ ដោយឡែកលោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា មានតួនាទីជា អនុប្រធានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗកន្លងទៅ ពោលគឺ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងសង្ក្រាន្ដនៅតាមបណ្ដាខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ, ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៉ី ជីនពីង និងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ដ្រីថៃនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត ចាត់ទុកនេះជាការលះបង់កម្លាំកាយចិត្តដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិទាំងមូល ក្នុងការអនុវត្តនូវតួនាទី ភារកិច្ចយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវអន្ដរជាតិ។
ស្របពេលពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ, នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសអនុវត្តតាមគំរូល្អៗប្រធាននាយកដ្ឋានចាស់ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ដើម្បីអង្គភាពកាន់តែមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា នាយកដ្ឋាននគរបាលការពារ ជាអង្គភាពមួយដែលដើរតួនាទីសំខាន់ ក្នុងការការពារសន្ដិសុខ និងសុវត្ថិភាពនៅតាមបណ្ដាស្ថានទូត និងនិវេសន្ដដ្ឋានរបស់អង្គទូតទាំងអស់នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយសុវត្ថិភាពបណ្ដាអង្គភាព ឬស្ថានតំណាងនៅក្នុងប្រទេសកម្ពុជា ជារឿងដែលត្រូវយកផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពបន្ថែមទៀត។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា កម្លាំងនាយកដ្ឋាននគរបាលការពារ ដែលឈរជើងការពារនៅតាមបណ្ដាញស្ថានទូត និងនិវេសន្ដដ្ឋាន គឺជាកម្លាំងដែលតំណាងឲ្យស្ថាប័ននគរបាលទាំងមូល នៅចំពោះមុខតំណាងរដ្ឋាភិបាល ឬរាជរដ្ឋាភិបាលបណ្ដាប្រទេសនានាដែលដាក់ទូតនៅកម្ពុជា ដូច្នេះហើយត្រូវតែគោរពវិន័យ ស្មោះត្រង់ ចំពោះវិជ្ជាជីវៈ និងម៉ឺងម៉ាត់ជាមួយការងារ។
ដោយសារតែពិធីនេះរួមគ្នាជាមួយកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលទ្ធផលការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ដែរនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំលឹកកម្លាំងនគរបាលពាក់ព័ន្ធ ពិសេសនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបន្ដរួមសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើតឡើង ដោយបូកជាមួយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។
នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ ដែលមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាជាមួយឆ្នាំកន្លងទៅ។ លោកយល់ថា ការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការយល់របស់ប្រជាពលរដ្ឋ និងម្យ៉ាងដោយសារការខិតខំប្រឹងប្រែង ផ្សព្វផ្សាយអប់រំរបស់នគរបាលចរាចរណ៍។
យ៉ាងណាក៏ដោយ បើទោះបីក្នុងរយៈពេលចូលឆ្នាំកន្លងទៅគ្រោះថ្នាក់ចរាចរណ៍មានការថយចុះយ៉ាងណាក្ដី ប៉ុន្ដែនាយឧត្តមសេនីយ៍ ស ថេត នៅតែផ្ដល់អនុសាសន៍ណែនាំបន្ថែមឲ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវបន្ដសកម្មភាពការផ្សព្វផ្សាយ អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់ប្រជាពលរដ្ឋឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ ប្រកបដោយវិជ្ជាជីវៈសាកសមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់ ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ច៕