(រតនគិរី)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមផងដែរ ពីអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ញ៉ែម សំអឿន បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ១២លើក ធៀបនឹងឆ្នាំ២០២៤ កើន៥លើក (បទមជ្ឈិម ១២លើក) កម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបាន ១០លើក ស្មើនឹង ៨៣% ឃាត់ខ្លួន ១៨មុខសញ្ញា។
បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២១លើក ធៀបនឹងឆ្នាំ២០២៤ កើនឡើង ១០លើក ឃាត់ខ្លួនជនសង្ស័យ ៣៧នាក់ស្រី២នាក់ថយចុះ១នាក់។ បានធ្វើការគ្រប់គ្រងមុខសញ្ញា ចេញពីពន្ធនាគារ ៥៨មុខសញ្ញា ស្រី ៥នាក់។ បានចុះធ្វើវេទិកាសាធារណៈផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀនចំនួន ២,៥១៥លើក ប្រជាពលរដ្ឋចូលរួម ១០៣,៧៥៥នាក់។
គ្រោះថ្នាក់កើតឡើង ១៦លើក ធៀបនឹងឆ្នាំ២០២៤ កើនឡើង ៤លើក បណ្តាលឲ្យស្លាប់ មនុស្ស ១២នាក់ កើន១នាក់ របួសធ្ងន់-ស្រាល ២១នាក់ កើន ១២នាក់ ខូចខាតរថយន្ត ៨គ្រឿង ម៉ូតូ ២០គ្រឿង គោយន្តកែច្នៃ ១គ្រឿង គ្រោះថ្នាក់ទាំងនេះបានសម្របសម្រួលដោះស្រាយ ៦លើក បញ្ជូនសំណុំរឿងទៅតុលាការ ៥លើក។
លោកអភិបាលខេត្តបន្តថា តាមរយៈនៃការកើននូវបទល្មើសនេះ រដ្ឋបាលខេត្តនឹងបង្កើនការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា។
ជាងនេះទៅទៀតនោះ រដ្ឋបាលខេត្តរតនគិរី នឹងខិតខំធ្វើឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យ របស់ក្រសួងមហាផ្ទៃ គឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
លោក ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទកៈ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។
លោកក៏បានជំរុញដល់ រដ្ឋបាលខេត្តរតនគិរីត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ គណៈអធិបតី ក៏បានជូនប័ណ្ណសរសើរ ជូនដល់រដ្ឋបាលក្រុង ស្រុក ទាំង៩ មន្ទីរអង្គភាព ឃុំសង្កាត់ មួយចំនួនដែលមានស្នាដៃល្អផងដែរ៕