(ភ្នំពេញ)៖ ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីលំនៅឋានរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក នៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានព្រមព្រៀងគ្នាបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តសកម្មភាពជាក់លាក់ សំដៅចូលរួមសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីលំនៅឋាន ក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវលទ្ធភាពទទួលបានលំនៅឋាន សមរម្យសម្រាប់ការរស់នៅប្រកប ដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជា ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។

នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និងលោក លោកស្រី​ ថ្នាក់ដឹកនាំនាយកដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដោយផ្អែកតាមអនុស្សរណៈនេះ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក នៅបានយល់ព្រមសហការគ្នា ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ មានប្រាក់ចំណូលមធ្យម និងទាប ស្របតាមគោលនយោបាយជាតិស្តីពីលំនៅឋាន ទៅតាមជំនាញនិងបទពិសោធន៍របស់ភាគី អគ្គនាយកដ្ឋានលំនៅឋាននិងក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក។

លោក លាង មុនីរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ក្រុមហ៊ុន អេជេន២១ គ្លូបប៊ល.ឯក ដែលបានចូលរួមរៀបចំផ្ទះគំរូ នៅក្នុងក្រុងរុនតាឯកតេជោសែន និងនៅក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបអាចជ្រើសរើស ក្នុងការសាងសង់លំនៅឋានស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន លទ្ធភាព និងកម្រិតប្រាក់ចំណូល របស់ក្រុមគ្រួសារនីមួយៗ។

លើសពីនេះ លោក ប្រាក់ អង្គារ៉ា បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតបានជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តការមួយច្បាស់លាស់ និងជិតស្និទ្ធរវាអគ្គនាយកដ្ឋានលំនៅឋាននិង ក្រុមហ៊ុន អេជេន២១ គ្លូបប៊ល.ឯក ហើយដែលអាចផ្តល់ផលជាវិជ្ជមាន ដល់ភាគីទាំងពីរក៏ដូចជា បង្កើនលទ្ធភាពដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបអាច ទទួលបានលំនៅឋានសមរម្យសម្រាប់ការរស់នៅស្របតាមចក្ខុវិស័យនៃគោលនបាយជាតិស្តីពីលំនៅឋាន និងអាចរួមចំណែកអនុវត្តនៅតាមទស្សនទាន «ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានសមរម្យសម្រាប់ការរស់នៅ»។

ជាលទ្ធផលគិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយបណ្តាវិស័យឯកជន ក្នុងគោលដៅអនុវត្តគម្រោងសាងសង់ លំនៅឋានតម្លៃសមរម្យនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានប្រមាណ ១១ ៤៩៥ ខ្នង និងចំណែកឯកជន។

គម្រោងទាំងនេះ នៅមិនទាន់ឆ្លើយតប និងដោះស្រាយបញ្ហាកង្វះលំនៅឋានសម្រាប់គ្រួសារប្រជាជន មានចំណូលមធ្យមចំណូលទាបនិងជនងាយរងគ្រោះនៅឡើយ។
គោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺធ្វើយ៉ាងណាពង្រីកវិសាលភាពគម្រោងទូទាំង២៥រាជធានី ខេត្ត ជាពិសេសភូមិសាស្រ្ត នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ ដើម្បីសម្រេចនូវចក្ខុវិស័យដែលបានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពីលំនៅឋាន៕